ភ្នំពេញ៖ ដើម្បីពង្រឹងការអភិវឌ្ឍគំរូអាជីវកម្ម និងលើកកម្ពស់កិត្តិនាមរាជធានីភ្នំពេញ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានដាក់ឱ្យដំណើរការ ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដែលជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យជាក់លាក់ នៅក្រោមការឧបត្ថម្ភពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីសមាគមសហគមន៍ចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ។
ពិធីសម្ពោធ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមានការចូលរួមពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Mario MATUS តំណាងអគ្គនាយកនៃអង្គការ WIPO ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ម៉ាកសមូហភាព «គុយទាវភ្នំពេញ» គឺជាសមិទ្ធផលថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម លើវិស័យកម្មសិទ្ធិបញ្ញា បន្ទាប់ពីក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាក «ម្លិះអង្គរ» ដែលជាម៉ាកវិញ្ញាតកម្មទីមួយ និងម៉ាក «ក្រូចថ្លុងកោះទ្រង់» ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទីបីរបស់កម្ពុជា បន្ថែមលើម៉ាក «ម្រេចកំពត» និង «ស្ករត្នោតកំពង់ស្ពឺ» ដែលកំពុងទទួលបានការពេញនិយមនៅលើទីផ្សារ។
លោករដ្ឋមន្ត្ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលជាសមាជិកសមាគមចុងភៅកម្ពុជា ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ស្របច្បាប់ និងការគាំទ្របច្ចេកទេសផ្សេងៗ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា និងទេសចរណ៍ តាមរយៈការផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនូវបទពិសោធន៍ថ្មី និងរសជាតិគុយទាវដ៏ឈ្ងុយឆ្ងាញ់ នៃគំរូអាជីវកម្មហ្វ្រេនឆាយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការ WIPO និងវិស័យឯកជន។
លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតម៉ាកសមូហភាព «គុយទាវភ្នំពេញ» សម្រាប់អាជីវករ ដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន តាមរយៈការពង្រឹងគុណភាព និងអនាម័យគុយទាវ ព្រមទាំងការអភិរក្សរូបមន្ត និងចំណេះជំនាញ ដែលនឹងជួយផ្ដល់ឱកាសការងារ និងប្រាក់ចំណូលកាន់តែច្រើន ជូនប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាក់តែងគោលនយោបាយ ការចងក្រងលិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មទីផ្សារ និងការដាក់ចេញនូវយុទ្ធសាស្ត្រ អមដោយយុទ្ធនាការថ្មីៗ សំដៅពង្រឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ WIPO ដែលបានជួយគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងបានលើកទឹកចិត្តអាជីវករលក់គុយទាវទាំងអស់ ចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដោយគោរពតាមលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម សំដៅចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕