សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានិងក្រុមហ៊ុនវិនិយោគក្នុងស្រុកបានអះអាងជាថ្មីម្តងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជានៅតែទទួលបានគម្រោងវិនិយោគធំៗពីក្រៅប្រទេស ខណៈដែលកម្ពុជាកំពុងតែមានសុខសន្តិភាព ហើយរឿងEBAគឺជារឿងធម្មតាទៅហើយ។
លោកបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបង្ហើបថា គិតត្រឹមឆ្នាំ២០១៩នេះ និងនៅឆ្នាំបន្ទាប់ទៀត សកម្មភាពការសាងសង់នៅតែមានសន្ទុះច្រើន ហើយប្រទេសដែលចូលមកវិនិយោគគឺក្រុមហ៊ុនបរទេសភាគច្រើន ក្នុងនោះក្រុមហ៊ុនចិនបានវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅកម្ពុជា ហើយក្រៅពីនេះមានបណ្តាប្រទេសផ្សេងៗទៀត។
លោកបានបន្ថែមទៀតថា ក្នុងនាមសមាគមអ្នកវអភិវឌ្ឍន៍លំនៅឋានកម្ពុជាចូលរួមច្រើនក្នុងការអភិវឌ្ឍន៍វិស័យសំណង់ហើយបានសហការជាមួយនិងដៃគូរក្រៅប្រទេសមកអភិវឌ្ឍកម្ពុជា ហើយសព្វថ្ងៃនេះ តម្រូវការក្នុងវិស័យសំណង់នៅតែមានតម្រូវការច្រើននៅឡើយ ដោយសារតែកម្ពុជាមានយុវជនភាគច្រើនពេញកម្លាំង ដែលសុទ្ធតែមានតម្រូវការផ្ទះរស់នៅតែម្តង។
សម្រាប់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអលចនទ្រព្យកម្ពុជា(ECC Realty)បានមានសុទិដ្ឋិនិយមថា មួយរយៈចុងក្រោយនេះការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅតែជាចំណុចទាក់ទាញនៅឡើយ ក្នុងនោះ មានការហក់ចូលវិនិយោគិចិននិងជប៉ុនលើគម្រោងផ្សេងៗទៀតដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយដែលប្រទេសក្នុងតំបន់មិនមានអ្វីដូចប្រទេសកម្ពុជាយើងនោះទេ ហើយគេក៏មិនខ្វល់រឿងEBAនោះដែរ។
លើសពីនេះអ្នកជំនាញមានប្រសាសន៍ថា«តាមពិតនេះជាឱកាសមួយដែលកម្ពុជាអាចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវិស័យផ្សេងៗ ដូចបណ្តាប្រទេសជឿនលឿន ខណៈអ្នកវិនិយោគបានចាត់ទុកកម្ពុជាជាគៅលដៅនៃការវិនិយោគហើយមិនថាវិស័យសំណង់ទេគឺអ្នកវិនិយោគទាំងនោះនៅតែមើលឃើញពីឱកាសថ្មីផងដែរ»។
ស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ទៀតនេះវិស័យសំណង់នៅមានតែមានភាពល្អប្រសើរ ហើយអ្វីដែលពិសេសក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។
សម្រាប់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ២០ ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ហើយវិស័យនេះនឹងបន្តរីកចំរើនបន្ថែមទៀត៕