ក្រសួងការបរទេសរបស់ប្រទេសចិនបានចេញនូវការព្រមានមួយ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ ក្នុងការចាត់វិធានការណ៍តបទៅលើសហរដ្ឋអាមេរិកវិញ ក្រោយពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើពង្រាងច្បាប់ស្តីពីការគាំទ្រក្រុមបាតុករនៅទីក្រុងហុងកុង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការព្រមានរបស់ក្រសួងការបរទេសចិន ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើពង្រាងច្បាប់ស្តីពីការគាំទ្រក្រុមបាតុករនៅទីក្រុងហុងកុង ក្រោយពីសមាជិកសភា និងព្រឹទ្ធសភានៃប្រទេសមហាអំណាចមួយនេះបានអនុម័តរួចហើយ កាលពីសប្តាហ៍មុន ។
សូមបញ្ជាក់ជូនថា ពង្រាងច្បាប់របស់សហរដ្ឋអាមេរិក គឺសំដៅគាំទ្រផ្នែកសិទ្ធិមនុស្ស និងគាំទ្រក្រុមបាតុករប្រជាធិបតេយ្យនៅទីក្រុងហុងកុង ដោយឃ្លាំមើលចំណាត់ការគ្រប់បែបយ៉ាងពីរដ្ឋាភិបាលចិន និងប្រមុខដឹកនាំទីក្រុងនេះទៅលើក្រុមបាតុករ ៕