ទីភ្នាក់ងារ សារព័ត៍មាន Reuters បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយពួកឧទ្ទាមតាលីបង់ ។
នេះជាលើកដំបូងហើយសម្រាប់លោក ដូណាល់ ត្រាំ ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន ដែលជាប្រទេសមានវត្តមានកងទ័ពអាមេរិក ក្នុងការធ្វើសង្គ្រាមប្រឆាំងពួកឧទ្ទាមតាលីបង់អស់រយៈពេលជាង១៨ឆ្នាំកន្លងមកហើយ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ត្រាំ បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាមេរិក និងបានថ្លែងថា លោកនឹងជួបជាមួយមេដឹកនាំរបស់ពួកឧទ្ទាមតាលីបង់ ដើម្បីស្វែងរកកិច្ចព្រមបទឈប់បាញ់ និងអាចដកកងកម្លាំងយោធាអាមេរិកមួយចំនួនចេញពីប្រទេសនេះនៅពេលខាងមុខ ៕