ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជំនាញនិងជាងសំណង់អំពាវនាវឲ្យយុវជនងាកមករៀនជំនាញដែលទីផ្សារកំពុងតែមានតម្រូវការខ្ពស់

មន្ត្រីជំនាញជាន់ខ្ពស់ និងមេជាងសំណង់ដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេក​ទេស​និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះរួមទាំងជំនាញផ្នែកសំណង់ផងដែរ​​។

លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់បញ្ជូនកូនចៅឲ្យចូលរៀននៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលប​ច្ចេក​ទេសនិង​វិជ្ជាជីវៈ ​ដើម្បីឲ្យមានជំនាញមួយពិតប្រាកដ។

លោកអគ្គនាយក ហ៊ីង ស៊ីដេត ថ្លែងថា«កាលណាយើងមានជំនាញមួយពិតប្រាកដ យើងនឹងមានចំណូលសមស្រប បម្រើដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា ជួយកសាងប្រទេសជាតិ»។

បើតាមលោក ហ៊ីង ស៊ីដេត អគ្គនាយក TVETនៃក្រសួងការងារបានថ្លែងថា ជំនាញចំនួន ៥ ដែលទីផ្សារការងារកំពុងត្រូវការរួមមាន ផ្នែកសំណង់ ផ្នែករថយន្តផ្នែកអេឡិច​ត្រូ​និក​ ផ្នែកអគ្គិសនី, និងផ្នែកកាម្មន្តសាល។

លោកបន្ថែមថា នៅទូទាំងប្រទេសបច្ចុប្បន្នក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)ចំនួន ៣៨គ្រឹះស្ថាន ក្នុងនោះ២០គ្រឹះស្ថានទទួលបាន ISO ធានាផ្នែកការគ្រប់គ្រង។

លោក ខាត់ ធុច មកពីខេត្តសៀមរាបបានអំពាវនាវទៅកាន់យុវជនទូទៅថាធ្វើយ៉ាងណា ត្រូវចាប់ជំនាញអ្វីមួយឲ្យច្បាស់លាស់ដោយលោកនិយាយថា«ឲ្យតែចេះជាងជាងអីក៏​ដោយ ឲ្យតែចេះប្រាកដ។ខ្ញុំរស់ដោយសាររបរជាងនេះជាង ១៧ឆ្នាំហើយ ក្នុងមួយខែជាមធ្យមខ្ញុំរកបានចំណេញពី៥០០ ទៅ៧០០ដុល្លារ ខែណាសម្បូរការងារអាចដល់បាន១០០០ ឬ១២០០ដុល្លារ»។

ការប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណងជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង ។

អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា ថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់អេសស៊ីជី បានចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនៃវិស័យសំណង់នៅកម្ពុជាខណៈដែលប្រទេសនេះកំពុងត្រូវការចាំបាច់នូវពលកម្មជំនាញច្រើនថែមទៀត ជាពិសេស នៅក្នុងវិស័យសំណង់។

លោក វីរុត បាននិយាយថា«អេសស៊ីជីសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាមិនមែនតែនៅក្នុងវិស័យសំណង់នោះទេប៉ុន្តែក៏រួមចំណែកដល់ការលើកកម្ពស់គុណភាពរស់នៅរបស់ម្ចាស់លំនៅដ្ឋាននិងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ»៕