លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានប្រកាសច្រានចោល នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នូវការចោទប្រកាន់លើសហភាពមីយ៉ានម៉ាពីបទប្រល័យពូជសាសន៍ពីសំណាក់ប្រទេសហ្កំប៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ និងត្រូវបើកសវនាការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី១០ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះបានចូលក្នុងសវនាការ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។
លោកស្រី អ៊ុងសាន ស៊ូជី បានចាត់ទុកបទចោទប្រកាន់នេះថា ជាពាក្យបណ្តឹង នាំឲ្យមានការយល់ខុស និងជាពាក្យបណ្តឹងមិនគ្រប់ជ្រុងជ្រោយ ដែលមិនគួរតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ យកមកបើកសវនាការរឿងក្តីបែបនេះទេ ។
លោកស្រី ស៊ូជី បានលើកឡើងបែបនេះដោយសំដៅលើហេតុផលថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបលើក្រុមបះបោរប្រដាប់អាវុធជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា ដែលត្រូវបានបង្កើតឡើងក្នុងបំណងវាយប្រហារប្រឆាំងរដ្ឋាភិបាល និងផ្តាច់ទឹកដី ដោយមានការជួយជ្រោមជ្រែងពីក្រុមភេរវជន ៕