ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកប៉ាន សូរស័ក្ដិ​ ថា៖​ជប៉ុនសន្យាទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយ លោក តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងថា ប្រទេសជប៉ុន តែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចំរើនឡើង។ ធ្វើឲ្យកម្ពុជាទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសទទួលបានចំណូលទាប មកជាប្រទេសទទួលបានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

ការវិនិយោគដោយក្រុមហ៊ុនជប៉ុន ជាវិនិយោគិនឈានមុខគេនៅកម្ពុជា ប្រកបដោយគុណភាពដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ បានរួមចំណែកជាមួយ នឹងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ។

ដូចជាការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិច ត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេក ទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋា គារ ទេសចរណ៍ និងធនាគារ បង្កើតការងារថ្មីៗ បរិយាកាសការងារល្អ និងជំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃតំបន់ និងពិភព លោក។

លោក តាកាហាឈី ហ្វូមីអាគី បានជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកបាននាំមកនូវក្រុមហ៊ុនជប៉ុនមួយចំនួន ដោយក្រុមហ៊ុនខ្លះមានអាជីវកម្មស្រាប់នៅក្នុងស្រុក ហើយខ្លះទៀតគឺក្រុមហ៊ុនថ្មី។

លោកបានបន្ថែមទៀតថា សមាគមជប៉ុន-កម្ពុជានឹងបន្តផ្សព្វផ្សាយពីសក្តានុពលនៅកម្ពុជាទៅកាន់សមាជិកបន្ថែមទៀត ឲ្យយល់រឹតតែច្បាស់អំពីកម្ពុជា និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា។

ក្រុមហ៊ុនជប៉ុនមួយចំនួនដែលមានវត្តមានក្នុងកិច្ចប្រជុំ បានជម្រាបជូនអំពីគម្រោងការក្នុងការវិនិយោគនៅកម្ពុជា ដូចជាក្នុងវិស័យថាមពល សូត្រមាស និងគ្រឿងសម្អាងធ្វើពីដង្កូវនាង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកផងដែរ។

លោកប៉ាន សូរស័ក្ដិ បានប្រាប់ដល់សមាគមជប៉ុន-កម្ពុជា ថា ការវិនិយោគនៅប្រទេសកម្ពុជា គឺមិន មែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត តាម រយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនៅពេលអនាគត ៕