យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា មន្ត្រីសេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ស្តីពីប្រទេសចិន ដែលបានសម្រេចទទួលទិញផលិតផលកសិកម្មពីប្រជាកសិករសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារបន្ថែមទៀត ចាប់ផ្តើមពីឆ្នាំ២០២០ខាងមុខនេះទៅ ។
មន្ត្រីសេតវិមានដដែលបានបន្តថា អាមេរិកក៏បានយល់ព្រមផងដែរ ក្នុងការផ្អាកការដំឡើងតម្លៃពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារ ដែលអាមេរិកនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។
មន្ត្រីកសិកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថា កាលពីឆ្នាំ២០១៧កន្លងទៅ ចិនបានទិញផលិតផលកសិកម្ម ពីប្រជាកសិករអាមេរិក ត្រឹមតែតម្លៃទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារប៉ុណ្ណោះ ហើយនៅ ពេលនេះ ចិនបានសម្រេចទិញបន្ថែមទៀតក្នុងតម្លៃទឹកប្រាក់៥០ពាន់លានដុល្លារ ដែលនេះជាសញ្ញាធូរស្រាលមួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២នៅលើពិភពលោក ៕