ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីបំផុតកូរ៉េខាងជើងសម្រេចចិត្តវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលវិញ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលរបស់ប្រទេសនេះ លោក គីម ជុងអ៊ុន បានប្រកាសកាលពីថ្ងៃពុធ ទី០១ខែមករានេះ អំពីការសម្រេច​ចិត្តក្នុងការវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលវិញ ។

ប្រភពដដែលបានបន្តថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សនៃបក្សពលករកូរ៉េខាងជើង និងក្រោយពីសហរដ្ឋអាមេរិកបានខក​ខាន​ក្នុងការអនុវត្តតាមឱសានវាទកូរ៉េខាងជើងនៅត្រឹមដំណាច់ឆ្នាំ២០១៩ ដែលបានដាក់ទៅអោយអាមេរិក ។

លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់លោកនឹងចាប់ផ្តើមបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបង្ហាញនូវអាវុធយុទ្ធសាស្ត្រប្រភេទថ្មី ហើយពិភព​លោកនឹងធ្វើជាសាក្សីក្នុងការបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងនៅពេលដ៏ឆាប់ខាងមុខនេះ តាមរយៈការសាកល្បងដោយចំហរពីសំណាក់ក្រុមអ្នកជំនាញរបស់កូរ៉េខាងជើង។

តាមរយៈ សេចក្តីប្រកាសរបស់ KCNA គឺលោក គីម ជុងអ៊ុន មិនបានបិទផ្លូវចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែកូរ៉េខាងជើងនឹងបន្តការចរចាប្រសិនបើអាមេរិកផ្លាស់ប្តូររបៀបវារៈក្នុងការចរចា ដោយបោះបង់ចោលនយោបាយអរិភាពជាមួយកូរ៉េខាងជើង ៕