ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពេញ​​១ឆ្នាំ២០១៩កម្ពុជានាំចេញអង្ករបាន៦២ ម៉ឺនតោនថយចុះប្រមាណ ១%

តួលេខពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះបង្ហាញថា ​​នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ថយចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,​២២៥​តោន។

របាយការណ៍បានបង្ហាញនូវគោលដ៏ដៅសំខាន់ សម្រាប់នាំចេញអង្កររបស់កម្ពុជា កាលពីឆ្នាំ២០១៩ ដែលមានដូចជា៖ ១៖ ប្រទេសចិនក្នុងឆ្នាំ​២០១៩ មានចំ​នួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០% បើធៀបនឹងបរិមាណនាំចេញដូចគ្នាឆ្នាំ២០១៨ មានចំនួនតែ ១៨៥.៥៣៧តោន។ ២៖ សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ មានចំនួន២០២,៩៩០តោន មានការថយចុះចំនួន៦៦,១៣៧តោនស្មើ៣២.៦០% ធៀបនងបរិមាណនាំចេញឆ្នាំ​២០​១៨ មានបរិមាណរហូតដល់ ២៦៩,១២៧តោន។ ៣៖ ប្រទេសសមា​ជិកអាស៊ាន ឆ្នាំ២០១៩ មានចំនួន៨៣,១៦៤តោន មានការថយចុះចំនួន១៩,៧៨២តោនស្មើ២៣.៨០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ ដែលមានចំនួនតែ ១០២,​៩៤៦​តោន។

៤៖ ប្រទេសផ្សេងៗទៀតឆ្នាំ២០១៩ មានចំនួន ៨៥,៨៤៧តោន មានការកើនចំនួន១៧,២៣២តោនស្មើនឹង២០.១០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ មានចំនួនតែ​៦៨,​៦១៥​តោន ។នៅឆ្នាំ២០១៩ អង្កររបស់កម្ពុជា បានជួបនូវបញ្ហាដោយសារការយកពន្ធនាំចូល អង្ករពីសហគមន៍អឺរ៉ុប ដែលជះឥទ្ធិពលអវិជ្ជាមានដល់វិស័យនេះ។ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក អឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន ឆ្នាំទី២ តម្លៃ១៥០​អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។

ប្រទេសចិន ដែលជាប្រទេសនាំចេញអង្ករពីកម្ពុជានៅឆ្នាំ២០១៩ បានដំឡើងកូតានាំចូលអង្ករដល់កម្ពុជា ពី៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដល់៤០ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែចំនួននេះកម្ពុជាមិនទាន់បាននៅឡើយទេ ដោយឆ្នាំ២០១៩ កម្ពុជានាំចេញចិនបានតែជិត២៥ម៉ឺនតោនប៉ុណ្ណោះ៕