លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលថ្មីៗនេះ មានមន្រ្តីម្នាក់បានយកថវិកាចំនួន ៤លានរៀលជាថ្នូនិងការបញ្ឈប់ការទាមទារប្រាក់ឧបត្ថម្ភគោលនយោបាយរបស់លោកកាលពី ១៥ឆ្នាំមុន។
លោក មិន សុខុន បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីលោកបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយនោះ ថ្មីៗនេះមន្រ្តីម្នាក់មានតួនាទីជាប្រធាននាយកនៅធនាគារជាតិ បានចេញមុខ មកដោះស្រាយជំនួស ឯកឧត្តម ជា ចាន់តូ ទៅវិញ ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកបានបដិសេធនៃការដោះស្រាយនោះ។
លោក មិន សុខុន មានប្រសាសន៍ថា«ការដោះស្រាយពីមន្រ្តី ឯកឧត្តម ជា ចាន់តូ ថ្មីៗនេះ ខ្ញុំមិនទទួលយកបាននោះទេ ហាក់ដូចមើលងាយខ្ញុំពេក មើលស្រាលខ្ញុំដូចមនុស្សស្លាប់ដែរ រួចបានបង្ខំខ្ញុំទទួលយកថវិកា ៤លានរៀល ហើយខ្ញុំមិនសុខចិត្តនោះទេ បើមិនមានការប្រជុំដោះស្រាយពីបញ្ហានេះឲ្យបានច្បាស់នោះ ហើយខ្ញុំផ្ទាល់គឺចង់ជួបផ្ទាល់ជាមួយ ឯកឧត្តម ទេសាភិបាលតែម្តង ដើម្បីបញ្ចប់រឿងបានស្រួល» ។
លោក មិន សុខុន (ឲ្យមារ្យ) បានចូលបម្រើការងារនៅមន្ទីរគណៈកម្មាធិការធនាគារជាតិទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ ១៩៩៧ ដែលមានតួនាទីជាបេឡាធិការរងធនាគារក្រុងភ្នំពេញ ឋានៈស្មើ អនុប្រធានការិយាល័យ ស្ថិតក្នុងតារាង(ក) ហើយរយៈពេល ១៥ ឆ្នាំនេះ លោកទាន់ដែលបានទទួលថវិកាពីធនាគារជាតិនៅឡើយទេ ។
អតីតមន្រ្តីធនាគារជាតិនៃកម្ពុជា លោក មិន សុខុន ធ្លាប់បាននិយាយនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៩ ដោយលោកបញ្ជាក់ថា«ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពនិងជម្រាបជូន ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ខ្ញុំបានបម្រើការងារក្នុងអង្គភាពធនាគារជាតិនៃកម្ពុជាអស់រយៈពេល ១៥ ឆ្នាំផុតទៅ ដែលមិនបានទទួលប្រាក់ឧបត្ថម្ភពីធនាគារជាតិបាននៅឡើយទេ»។
លោក មិន សុខុន បានអះអាងទៀតថា« រហូតមកដល់ពេលនេះ ខ្ញុំបាទបានធ្វើលិខិតជូនឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាច្រើនមកហើយ ប៉ុន្តែឯកឧត្តមមិនបានឆ្លើយតបពីសំណើររបស់ខ្ញុំបាទនៅឡើយ ដូច្នោះក្នុងនាមខ្ញុំ ជាអតីតកម្មាភិបាលមួយរូបនៅសម័យរដ្ឋកម្ពុជា ខ្ញុំតែងតែយកចិត្តទុកដាក់ និងជឿជាក់លើថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទាំងស្រុង បន្ទាប់មកខ្ញុំត្រូវបានធនាគារជាតិនៃកម្ពុជាតែងតាំងមុខតំណែងនិងតួនាទីក្នុងក្របខណ្ឌការងារដ្ឋជាបន្តបន្ទាប់»។
លោកបានបន្ថែមថា ដើម្បីមានភាពជឿជាក់និងច្បាស់លាស់ក្នុងការបម្រើការងារនោះ សូមឯកឧត្កម មេត្តាអនុញ្ញាតិជួបដោយផ្ទាល់នៅពេលវេលាណាមួយ តាមការកំណត់របស់ ឯកឧត្តមអគ្គទេសាភិបាននៃធនាគារជាតិកម្ពុជា ។ ហេតុដូច្នោះសូម ឯកឧត្តម មេត្តាពិនិត្យ និងសម្រួលប្រាក់បៀវត្តចំនួន ២១ឆ្នាំឲ្យខ្ញុំបាទតាមការគួរ។
តាមរយៈ ការស្នើសុំរបស់អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាខាងលើនេះ«សារព័ត៌មាន ដេលីខ្មែរ »មិនអាចសុំការពន្យល់ពី លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាបាននៅឡើយទេ។
ក៏ប៉ុន្តែ កាលពីថ្ងៃទី ២៧ខែធ្នូនេះ ដេលីខ្មែរ បានសម្ភាសតាម ទូរស័ព្ទទៅ លោកស្រី ជា សេរី ជាកូនស្រី លោក ជា ចាន់តូ មានតួនាទីជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ ដោយអ្នកទទួលឆ្លើយតបវិញថា« នឹងលើកសំណើរនេះជូនទៅថ្នាក់ដឹកនាំបានជ្រាបពីរឿងនេះ»។
ក្នុងលិខិតផ្លូវការរបស់ លោក មិន សុខុន (ឲ្យមារ្យ)នេះ គឺត្រឹមស្នើសុំទៅ លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ដើម្បីដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលលោកធ្លាប់បានបម្រើការងារត្រឹម ១៥ ឆ្នាំតែប៉ុណ្ណោះ។