ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRNA បានផ្សព្វផ្សាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលជាង១០គ្រាប់ទៅលើមូលដ្ឋានកងទ័ពអាមេរិកចំនួនពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី០៨ ខែមករានេះ ដែលជាការសងសឹកអាមេរិកវិញចំពោះការបាត់បង់ជីវិតមេទ័ពអ៊ីរ៉ង់ ។
ក្រោយពីបាញ់មីស៊ីល មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា បើអាមេរិកហ៊ានសងសឹកអ៊ីរ៉ង់ក្រោយពីការបាញ់មីស៊ីលនេះ អ៊ីរ៉ង់នឹងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះតែម្តង ហើយមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺជាគោលដៅវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅពេលខាងមុខ ។
លោក អាលី ហ្សេមខានី (Ali Shamkhani) លេខានៃឧត្តមក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់មិនសុខចិត្តទេចំពោះការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ ហ្កាសេម សូឡេម៉ានី (Qassem Soleimani) ដោយស្នាដៃរបស់សហរដ្ឋអាមេរិក ។
មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ក្រុមជំនាញរបស់ខ្លួនកំពុងពិនិត្យមើលពីការខួចខាតពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនេះ ប៉ុន្តែអាមេរិកមិនទាន់បង្ហើបពីការសងសឹកនោះទេ ៕