ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា ប្រជាពលរដ្ឋមានដើមទុនតិចតួចក៏អាចទិញភាគហ៊ុនរបស់ខ្លួនបាន បន្ទាប់ពីបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ(IPO)នៅផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជារបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នៅថ្ងៃទី១៥ ខែមករានេះ ។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬ ឯកត្តជន ដែលមានដើមទុនតិចតួច ក៏អាចទិញភាគហ៊ុននៅក្នុងធនាគាររបស់ខ្លួនបាន ដោយមិន តម្រូវលក់ឲ្យតែស្ថាប័ន ឬសហគ្រាសនោះទេ។
លោកបណ្ឌិតបន្ថែមថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណ ជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ទទួលបានផលចំណេញដូចជា ការទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន ទទួលបានដើមទុនដើម្បីពង្រីកអាជីវកម្ម បន្ថែមទៀត ។
សូមបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុន ចំណុះរបស់រដ្ឋ ត្រូវបានដំណើរការចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនដែលបាន បោះផ្សាយមូលបត្ររួចហើយ ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនភ្នំពេញ អេស អ៊ី ហ្សិត កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕