ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មការិនីរោងចក្រកាត់ដេរ ក្នុងស្រុកបាទី ខេត្តតាកែវ ដួលសន្លប់ពីរថ្ងៃជាប់ៗគ្នា

តាកែវ៖ មកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានកម្មករ កម្មការនី៤៥នាក់ បានដួលសន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

លោក មូល វិចិត្រ អភិបាលរង ខេត្តតាកែវ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្មករដែលដួលសន្លប់ អាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា។

លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ឲ្យដឹងថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់ មានអាការៈទន់ដៃទន់ ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យ ក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នាយ៉ាងដូច្នេះ។

លោក ម៉ឹង វីរីយ៉ាបានបន្ថែមថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ្លិតទឺក បានពិនិត្យឃេីញ ថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចឲ្យខ្យល់បរិសុទ្ធចេញចូលបាន ។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឲ្យរៀបចំសម្អាតឡើងវិញរួចហើយ។

លោក ភួន ឈីម អភិបាលស្រុកបាទី ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី មានកម្មករ កម្មការនីដួលសន្លប់ ចំនួន ៤៤ នាក់៕