ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះរាជអាជ្ញាហៅមន្ត្រីប៉ូលិសព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្ត និងអធិការស្រុកឧដុង្គមកប្រជុំរឿងដោះលែងចោប្លន់២នាក់

ភ្នំពេញ)៖ លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានជួបប្រជុំជាមួយលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការខេត្ត និងអធិការស្រុកឧដុង្គ ដើម្បីជជែកគ្នា ពាក់ព័ន្ធដំណើររឿងចាប់ និងដោះលែង ជនសង្ស័យជាចោរប្លន់២នាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មេៗនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវជួបលោកស្រី ចាត សូរស្មី រួមមានលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ។

ប្រភពដដែលបានបន្ដបញ្ជាក់ថា នៅមុនពេលទៅជួបជាមួយ លោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ មានហៅលោក សាយ បូរិន នាយកប៉ុស្តិ៍រដ្ឋបាលជំពូព្រឹក្សទៅជួបលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីឲ្យលោក សម សាក់ ស្តីបន្ទោស និងគំរាមដកតំណែង ព្រោះតែលោកនាយប៉ុស្តិ៍ បានបង្ហោះហ្វេសប៊ុក ដាក់រូបជនសង្ស័យចោរប្លន់២នាក់ នៅពេលចាប់ខ្លួន និងសរសេរសារដោយខ្លីថា​​​ «នេះជាមុខសញ្ញាចោរ»។

សេចក្តីរាយការណ៍ អះអាងថា លោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្តីបន្ទោសលោក សាយ បូរិន នាយកប៉ុស្តិ៍រដ្ឋបាលជំពូព្រឹក្សថា មកពីលោកនាយប៉ុស្តិ៍បង្ហោះរូបចោរ ពេលថ្នាក់លើ លែងចោរបែកការដល់អ្នកកាសែត។

ប្រភពដដែលបានបង្ហើបថា ជំនួបរបស់លោកស្រីព្រះរាជអាជ្ញា និងលោកស្នងការ ជាមួយនគរបាលដែលពាក់ព័ន្ធ អាចជាការប្រជុំរៀបចំរបាយការណ៍ ទុកជូនក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដែលគ្រោងនឹងចុះមកនៅពេលខាងមុខដ៏ខ្ចីនេះ ដើម្បីស្រាវជ្រាវថា តើការលែងជនសង្ស័យជាចោរប្លន់ មានជាប់ពាក់ព័ន្ធការយកលុយពីជនសង្ស័យដូចក្រុមជនសង្ស័យ និងប្រពន្ធដើរអួតតាមភូមិឬទេ?

ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចារឯកភាពឲ្យបង្កើតក្រុមការងារចុះធ្វើអធិការកិច្ច លើករណីលែងជនសង្ស័យជាចោរប្លន់នៅខេត្តកំពង់ស្ពឺហើយ។

ពាក់ព័ន្ធនឹងករណីលោកស្រីព្រះរាជអាជ្ញាខេត្ត ហៅនគរបាលពាក់ព័ន្ធមកសួរនេះ លោក ស៊ន វីរៈ អ្នកនាំពាក្យ សាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ តាមទូរស័ព្ទ នារសៀលនេះថា «លោកអត់ដឹងទេ សូមអ្ន ទៅសួរលោកស្រីព្រះរាជអាជ្ញាផ្ទាល់ទៅបានច្បាស់»។

សូមជម្រាបជូនថា ក្រុមជនសង្ស័យចជាចោរប្លន់២នាក់ មានឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួនខណៈរូបគេកំពុងបើករថយន្ត ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-7761 សេរីឆ្នាំ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែឃុំជំពូព្រឹកស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវនគរបាលប៉ុស្តិ៍ជំពូព្រឹកសហការជាមួយ កម្លាំងប្រជាការពារភូមិស្រាវជ្រាវ និងស៊ើបអង្កេតឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសប្លន់ជាច្រើនករណី។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ សាកសួរ និងដកហូតបានវត្ថុតាង ជាច្រើននគរបាលប៉ុស្តិ៍ជំពូព្រឹក្សបានបញ្ជូនខ្លួនក្រុុមជនសង្ស័យទៅ អធិការនគរបាលស្រុកឧដុង្គ ដើម្បីបន្តនីតិវិធី។

ប៉ុន្តែក្រោយមកក្រុុមជនសង្ស័យទាំង២នាក់ខាងលើ ត្រូវស្នងការនគរបាលខេត្តកំពង់ស្ពឺដោះលែងវិញ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

ការដោះលែងជនសង្ស័យ ត្រូវធ្វើដោយស្ងៀមស្ងាត់តាមរយៈលិខិតស្នើសុំរបស់លោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការខេត្តទៅលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។

បន្ទាប់ពីត្រូវសមត្ថកិច្ចដោះលែងវិញ ក្រុមជនសង្ស័យ និងប្រពន្ធ បានគ្រោងរៀបចំពិធិជប់លៀងអបអរសាទរ ពិធីរួចពីគុក និងបានដើរអួតប្រាប់អ្នកស្រុក និងនិយាយបញ្ឈីសមត្ថកិច្ចថា សម័យនេះចាយតែ៦០០០ដុល្លារចេញវិញ អត់បញ្ហា។

ក្រុមជនសង្ស័យថែមទាំង បោះសម្តីគំរាម សម្លាប់សងសឹក នគរបាលមូលដ្ឋាន និងប្រជាជន ដែលបានសហការគ្នាចាប់ពួកគេបញ្ជូនទៅថ្នាក់លើ ធ្វើឲ្យពួកគេខាតលុយកាក់ និងពេលវេលារកស៊ី (ប្លន់)។

ពេលនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កំពុងរស់នៅដោយភាពភិតភ័យពីការគំរាមរបស់ជនសង្ស័យជាចោរ ក្រោយពីត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញ៕