ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មនឹង​​ជំរុញទីផ្សារជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជា

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងជួយរួមចំណែក គាំទ្រកម្មវិធីពង្រីកពង្រឹងធនធានមនុស្ស ដែលជាយន្តការបម្រើដល់យុទ្ធសាស្ត្រជំរុញការនាំចេញរបស់អាស៊ានជាពិសេសសម្រាប់កម្ពុជា។
លោកបន្តទៀតថា ដោយផ្តោតសំខាន់ផ្តល់នូវចំណេះដឹង និងពង្រឹងសមត្ថភាពជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជាពីរបៀបត្រៀមរៀបចំខ្សែសង្វាក់តម្លៃរបស់ខ្លួនឱ្យស្របតាមស្តង់ដារក្រុមហ៊ុនជប៉ុន ក៏ដូចជាក្រុមហ៊ុនដែលមានកម្រិតស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតនៅលើពិភពលោក។
លោកអនុរដ្ឋលេខាធិការ បានឡើងថ្លែងថា យើងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម Masatake Fujita អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំង សមាជិក នៃប្រតិភូទាំងអស់ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលានេះឡើង ដោយមានការចូលរួមពីវាគ្មិនជំនាញចែកជូននូវបទបង្ហាញដ៏មានសារៈប្រយោជន៍ដល់សិក្ខាកាមទាំងអស់ ។
ប្រទេសកម្ពុជា ដែលលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេស ទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។
ប្រទេសកម្ពុជាមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង ១,៥៨៨ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្តានុពលមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែអ៊ីសូឡង់ និងបរិក្ខាអគ្គីសនី។
លោកបានបន្ថែមទៀតថា ផ្អែកតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុន វិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យដូចជា៖ វិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។