ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានប្រកាសទទួលស្គាល់ពីភាព យឺតយ៉ាវរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្ស និងឆ្លងរាលដាលក្នុងល្បឿនយ៉ាងលឿនគួរឲ្យបារម្ភ ។ ដែលនេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារ ទី០៤ ខែមករានេះ ។
សេចក្តីប្រកាសទទួលស្គាល់របស់ក្រសួងសុខាភិបាលចិន ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤២៦ នាក់ ដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះបានឆ្លងរាលដាលបន្ថែមចំនួន ២២៩៨ ករណីថ្មី ដែលរុញច្រានកំណើនចម្លងសរុបដល់ទៅចំនួន ១៩៨៥៥ ករណី ។
ប្រទេសចំនួន២៧ប្រទេសនៅជុំវិញពិភពលោក បានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយចិនជាប្រទេសមានមនុស្សស្លាប់ និងឆ្លងច្រើនជាងគេ ដែលក្នុងចំណោមនុស្សស្លាប់សរុបចំនួន ៤២៦ នាក់ គឺនៅប្រទេសចិនមានចំនួន ៤២៥ នាក់ និងនៅហ្វីលីពីនម្នាក់ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលចិនបានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ ២០១៩កន្លងទៅ ដែលគិតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាងមួយខែហើយ ៕