ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នា

ប៉ារីស៖ ថ្លែងក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់ ស្តីពីកិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែក ធ្វើឱ្យដៃគូរបស់ខ្លួនសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស SDG-៨ និងSDG-១០។

លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន។

កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្ត ដោយផោ្តតសំខាន់ទៅលើការធានាសិទ្ធិនិងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ លើកកម្ពស់ភាពសុខ ដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគំាពារសង្គម តាមរយៈការអនុម័ត និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាដែលឆ្លើយតបទៅនឹងគោលដៅរបស់កិច្ចព្រមព្រៀងសាកល ដូចដែលបានរំលេចនៅក្នុងរបាយការណ៍របស់កិច្ចព្រមព្រៀងសាកលស្តីពី “ការកសាងទំនុកចិត្តក្នុងពិភពការងារដែលកំពុងតែប្រែប្រួល ឆ្នាំ ២០១៨”។

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារចំនួន ១៣ រួមទាំងអនុសញ្ញាស្នូលទាំង៨ តាមរយៈការអនុវត្តបទដ្ឋានទាំងនេះ ទទួលបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេស តាមរយៈកិច្ចសហបេ្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) យើងបានបន្តធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរទ្បើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យប្រចាំប្រទេសលើកទី៥ សម្រាប់ឆ្នាំ២០១៩  ដល់ ២០២៣ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើងដោយឈរ លើគោលការណ៍នីតិរដ្ឋ។

សូមបញ្ជាក់ថា សន្និសីទនាថ្ងៃនេះ គឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសាកលដើម្បីចែករំលែកគំនិត, បញ្ហាប្រឈម, ដំណោះស្រាយ និងបទពិសោធល្អៗ ក៍ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គមដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារ នាពេលអនាគត៕