ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់

(ភ្នំពេញ)៖ បុរសម្នាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បាននិងកំពុងធ្វើឲ្យគ្រួសារគាត់រងទុក្ខវេទនា ឈឺចាប់ ព្រោះតែទង្វើរបស់អ្នកច្បាប់។

លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។

បុរសរូបនេះ បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជាង១០ឆ្នាំ ក្រោមការអនុវត្តទាំងបំពានច្បាប់របស់លោក ឌុច គឹមសន អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលក់ដីរបស់ខ្ញុំ ដែលមានទំហំជាងមួយហិកតា ក្នុងតម្លៃថោកបំផុត គឺទាបជាងប្រាក់ ខ្ញុំជំពាក់ឈ្មោះ គង់ ហួត ទៅទៀត»។

ដោយសារអំពើអយុត្តិធម៌នេះ លោក ឃិន សាមន បាននិយាយ ប្រាប់ទៀតថា «ខ្ញំបានលក់ជ្រូក លក់គោ ដើម្បីរឿងក្តីនេះ។ គោរបស់ខ្ញុំជាង១០ក្បាល លក់ហើយ គ្មានសល់អ្វីទៀតទេ។ ដោយសារអំពើអយុត្តិធម៌បែបនេះ»។

បន្ទាប់មកទៀត លោកបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបានលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សា និងមានលោកចៅក្រម ស៊ិន វិសាល និងលោកស្រីចៅក្រម  ទិតសុទ្ធី បូរ៉ាល័ណ្ខណ៍ ចេញដីកាសម្រេច ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយទទួលស្គាល់ថា ដីកា លេខៈ ៣៦៧ តរ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់លោកចៅក្រម  ឌុច គឹមសន ពិតជាពុំបានបំពេញតាមមាត្រា៤៤៤ និង៣០៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលចែងយ៉ាងច្បាស់ថា ការរាល់ការលក់ ត្រូវជូនដំណឹងឲ្យម្ចាស់ដីដឹងជាមុនសិន។ ប៉ុន្តែករណីនេះ លោកចៅក្រម ឌុច គឹមសន មិនបានអនុវត្តតាមច្បាប់ចែងខាងលើនេះឡើយ។

ចំណែក លោក យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក៏បានចុះហត្ថលេខាលើដីកាសម្រេចលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ និងចុះហត្ថលេខាលើលិខិតបញ្ជាក់ពីការចូលស្ថាពរនៃសាលដិកានេះទៀតផង។

ដើម្បីអនុវត្តតាមដីកាសម្រេចចូលជាស្ថាពរខាងលើនេះ និងដើម្បីរក្សាដីកុំឲ្យលក់បន្តទៀត លោក ឃិន សាមន នៅឆ្នាំ២០១៨ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង  រាជធានីភ្នំពេញ ដើម្បីសុំដីការក្សាការពារ មិនឲ្យឈ្មោះ គង់ ហួត មិនឲ្យលក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗបន្តទៀត។ លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តាំង ស៊ុនឡាយ ជាប្រធាន បានចេញដីកាលេខៈ ២៤៦ដរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​​​ ហាមឃាត់មិនឲ្យលក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗឡើយ។

លោក ឃិន សាមន បានរៀបរាប់ទៀតថា ក្រោយមកទៀត ដីទំហំជាងមួយហិកតានេះ ត្រូវបានគេលួចលក់បន្តដោយខុសច្បាប់ឲ្យអ្នកផ្សេង ដែលមន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  រាជធានីភ្នំពេញ ប្រាប់ខ្សឹបប្រាប់គាត់ថា «លក់ទៅបុរសម្នាក់ ជាក្មួយរបស់លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ដូច្នេះ ទើបចៅក្រមក្រោមបង្គាប់នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បានលុបចោលវិញ នូវដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ»។

ពាក់ព័ន្ធនឹងការលើកឡើងចំពោះអំពើអយុត្តិធម៌នេះ លោក យូ ប៊ុនឡេង មិនអាចសុំការបំភ្លឺបាននៅឡើយទេ។ ចំណែកលោក ទូច ថារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយនឹងសំណួររបស់អ្នកកាសែតដែរ៕