ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

(ភ្នំពេញ)៖ មន្ត្រីមកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់ថា  នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ​​​ វ៉ិចតូរៀ កៀបយកលុយនោះត្រូវបានក្រសួងសុខាភិបាលយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។

ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង  អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនេះ មន្ត្រីអនុវត្តច្បាប់កំពុងតែបន្តសាកសួរប្រធានមន្ទីរពេទ្យ និងបុគ្គលិកប្រមាណជិត១០ រាប់ទាំងជនជាតិចិនផងដែរ ដោយមិនទាន់ចប់នៅឡើយទេ។

នៅរសៀលថ្ងៃនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។

យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា ក្រុុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

ដំបូងឡើយ មន្ត្រីពាក់ព័ន្ធបានព្យាយាមអស់រយៈពេលជិត៥ម៉ោង ក្នុងការស្រាវជ្រាវនៅមន្ទីរពេទ្យ វ៉ិចតូរៀ តាមការបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ខាំងអ្នកជំងឺ ដើម្បីជំរិតទារប្រាក់។

ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងមន្ទីរពេទ្យមួយនេះ គឺលោកស្រី សៀង សុគន្ធ មិនបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ដោយទុកឲ្យស្ត្រីជាបុគ្គលិកទទួលភ្ញៀវ២នាក់ ជាអ្នកជួបក្រុមមន្ត្រី ដោយនិយាយត្រឹមថា ពួកគេអត់ដឹងរឿងអ្វីទាំងអស់។

ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យមិនព្រមសហការជាមួយមន្ត្រីជំនាញបែបនេះ អាជ្ញាធរមូលដ្ឋាន បានត្រឹមតែធ្វើកំណត់ហេតុ សាកសួរបុគ្គលិកទទួលភ្ញៀវរបស់មន្ទីពេទ្យប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ វ៉ិចតូរៀ ក៏ត្រូវគណៈគ្រប់គ្រងបញ្ជាឲ្យគេចខ្លួនតាមទ្វាក្រោយ និងទ្វាក្រោមអស់ទៅហើយ ដោយបន្សល់ទុកតែបុគ្គលិកនារីវ័យក្មេង២នាក់ឲ្យទទួលខុសត្រូវជំនួស។

សូមជម្រាបជូនថា មន្ទីរពេទ្យ វ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១អា ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវគ្រួសារអ្នកជំងឺធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ បង្ខាំងអ្នកជំងឺ ទារប្រាក់សេវា ២០០០ដុល្លារ ដែលគ្រួសារអ្នកជំងឺយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

ក្រុមមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អាចនឹងសម្រេចបិទទ្វាមន្ទីរពេទ្យនេះជាបណ្តោះអាសន្នសិន ព្រោះតែគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ មានចេតនាគេចវេស មិនទទួលខុសត្រូវចំពោះកំហុស និងមិនសហការជាមួយមន្ត្រីជំនាញ។

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរស្រាវជ្រាវ ទាំងភាគីគណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ។

បើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញប្រចាំខណ្ឌទួលគោក បានឲ្យ ដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាលសម្រេចឲ្យបិទទ្វារ ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វើឲ្យមន្ត្រីដដែលៗ ចុះមកពិនិត្យស្រាវជ្រាវដដែលៗ។

សូមបញ្ជាក់ថា រឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះ បានកើតឡើងកាលពីយប់មិញ បន្ទាប់ពីគ្រួសារអ្នកជំងឺ បានហៅអ្នកសារព័ត៌មានធ្វើសន្និសីទទាំងយប់ ដោយអះអាង ចោទប្រកាន់ថា មន្ទីរពេទ្យ វ៉ិចតូរៀ បានបង្ខាំងសាច់ញាតិ ទារប្រាក់ ថ្លៃសេវាកម្មព្យាបាល ក្នុងទឹកប្រាក់ ២០០០ដុល្លារ។

សាច់ញាតិអ្នកជំងឺ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា អ្នកជំងឺ ជាស្ត្រីមានបញ្ហាគីសក្នុងដៃស្បូន ទៅពិនិត្យនៅ មន្ទីរពេទ្យឯកជនមួយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

បន្ទាប់មក ក្រោយពីពិនិត្យរួចគ្រូពេទ្យ បានប្រាប់ថា ត្រូវតែវះកាត់ជាបន្ទាន់ បើមិនដូច្នេះទេ អ្នកជំងឺអាចនឹងស្លាប់។

នៅពេលវះកាត់រួចរាល់ អ្នកជំងឺបានសម្រាក នៅក្នុងមន្ទីរពេទ្យ១យប់ ក៏សុំចេញទៅផ្ទះ ដោយបង់ប្រាក់ ៦០០ដុល្លារ ប៉ុន្តែភាគីមន្ទីរពេទ្យមិនព្រម ដោយបានចេញវិក្កយបត្រ តម្លៃព្យាបាលអស់២០០០ដុល្លារ។

ក្រោយពីនិយាយគ្នារឿងតម្លៃមិនត្រូវ មន្ទីរពេទ្យ មិនអនុញ្ញាតឲ្យភាគីអ្នកជំងឺទៅផ្ទះ ទើបក្រុមគ្រួសារអ្នកជំងឺ ហៅអ្នកកាសែតមកធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ទើបបែករឿងពេញផ្ទៃប្រទេសតែង៕