ក្រុមអ្នកជំនាញផ្នែកទីផ្សារលក់រាយនៅប្រទេសចិនបានអោយដឹងថា ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក្នុងប្រទេសនេះ កំពុងរុញច្រានតម្លៃទំនិញលក់រាយនៅទូទាំងប្រទេសអោយកើនឡើងខ្ពស់ចាប់តាំងពីខែមករាដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។
ក្រុមអ្នកជំនាញបាននិយាយថា ទំនិញលក់រាយនៅប្រទេសចិនបានកើនឡើងក្នុងកម្រិតខ្ពស់ដល់៥.៤%នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង៨ឆ្នាំកន្លងមកហើយ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។
តម្លៃម្ហូបអាហារប្រចាំថ្ងៃ មានដូចជាសាច់ជ្រូក សាច់គោ និងបន្លែជាដើម បានកើនឡើង៤.៥%កាលពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ និងកើនឡើង៥.៤%បន្ថែមទៀតចាប់តាំងពីខែមករារហូតដល់ដើមខែកុម្ភៈនេះ ដែលជាកំណើនខ្ពស់មិនធ្លាប់មាន ។
អ្នកជំនាញខាងទីផ្សារលក់រាយបានអោយដឹងថា តម្លៃទំនិញទាក់ទងនឹងម្ហូបអាហារនៅប្រទេសចិន អាចនឹងកើនឡើងដល់២០.៦%នៅពេលខាងមុខនេះ ប្រសិនបើការបាត់បង់ជីវិតមនុស្ស និងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាកាន់តែកើនឡើងខ្ពស់ ៕លីលី