ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនវាយតម្លៃខ្ពស់​​ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជាលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជាហើយ សូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។
លោកបានបន្តទៀតថា អរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង។
លោកបានបន្ថែមថា អ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើនហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។


ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ន និងស្ថាប័ននៃប្រទេសទាំងពីរវិញ ជប៉ុនកំពុងតែធ្វើការសហការជាមួយក្រសួងរ៉ែ និងថាមពលលើវិស័យអគ្គិសនីដោយបានពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។
លើសពីនេះទៅទៀតក៏មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេក្នុងការពង្រីក និងពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុនក្នុងការតាក់តែងច្បាប់សំ​ណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។
ជាពិសេសទៅទៀតនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះក៏បាន​យកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។


ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុក៏បានជម្រាបជូនសម្ដេចតេជោដែលថា ក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតជប៉ុនលើកឡើងថា ជប៉ុននឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែពិចារណាផ្ដល់ថវិកាបន្ថែមដល់អង្គភាពនេះ ហើយក៏កំពុងពិចារណារៀបចំដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ខាងមុខ
ហើយជប៉ុន ក៏កំពុងពិចារណាផ្ដល់ថវិកាជួយដល់កម្ពុជាក្នុងការទិញរថយន្ត និងសម្ភារៈសម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ ជា​អាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យ​ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ អោយទទួលបានជោគជ័យ។


សម្ដេចតេជោក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់សំណង់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។
ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះសម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា ។
ដោយឡែកជាចុងក្រោយពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ៕