ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវជនរងគ្រោះប្តឹងដិតចិត្ត ក្នុងសំណុំរឿងវិវាទដីធ្លី

ភ្នំពេញ៖ លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវជនរងគ្រោះក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ក្នុងរាជធានីភ្នំពេញ ប្តឹងដិតចិត្តមិនឲ្យចាត់ការលើសំណុំរឿងរបស់គាត់តទៅទៀត បន្ទាប់គាត់សង្ស័យថា ចៅក្រមរូបនេះ មិនអាចផ្តល់យុត្តិធម៌ជូនគាត់បាន។

លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមទទួលបន្ទុកចាត់ការលើសំណុំរឿងអនុវត្ត បានព្រងើយកន្តើយមិនព្រមចាត់ការបន្ត ដោយលើកហេតុផលថា លោកចៅក្រមរូបនេះរវល់រៀបអាពាហ៍ ពិពាហ៍កូនស្រីបង្កើត ដែលរៀបការជាមួយលោក ជួន វណ្ណៈ ជាចៅក្រមតុលាការខេត្តកណ្តាល ទើបទុកសំណុំរឿងនេះចោល ហើយមិនខ្វល់នឹងភាពអយុត្តិធម៌កើតឡើង អស់រយៈពេលជាង១១ឆ្នាំ ពីសំណាក់លោក ឌុច គឹមសន អតីតចៅក្រមតុលាការរាជធានីភ្នំពេញ។

នៅក្នុងបណ្តឹងដិតចិត្ត ដាក់ជូនតុលាការ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេរថា «ខ្ញុំបាទបានដាក់ពាក្យសុំអន្តរាគមន៍ទៅឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីមានវិធានការមកលើលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ ដែលមិនព្រមចាត់ការអនុវត្តតាមអំណាចដីកាសម្រេចស្ថាពរលេខ០៩ លកសព/រវ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍»។

លោក ឃិន សាមន ធ្លាប់បានអះអាងថា ខ្លួនគឺជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីសប្តាហ៍មុនបានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ទៅក្រសួងយុត្តិធម៌ម្តងហើយ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍គាត់យ៉ាងធ្ងន់ធ្ងរ។

លោកបានបន្តថា ប៉ុន្តែដោយសារពន្លឺយុត្តិធម៌បន្តិចបន្តួច ដែលសាលាឧទ្ធរណ៍ផ្តល់ឲ្យគាត់ ត្រូវមន្ត្រីនៅសាលាជម្រះក្តី នាំគ្នាជាន់ពន្លិច ដូច្នេះ លោកក៏សម្រេចដាក់ពាក្យបណ្តឹងដិតចិត្តចំពោះលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ តែម្តង ដើម្បីទុកពេលវេលាជូនលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានី ចាត់ចែងចៅក្រមផ្សេងចាត់ការលើសំណុំរឿងនេះ។

លោក ឃិន សាមន បានសរសេរបញ្ជាក់ប្រាប់ពីហេតុផលនៃបណ្តឹងដិតថា «ខ្ញុំបាទយល់ឃើញថា នៅកាលៈទេសៈដ៏ខ្មៅកខ្វក់បែបនេះ អាចបណ្តាលឲ្យលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ មានគំនិតលម្អៀង មិនអាចផ្តល់យុត្តិធម៌ឲ្យខ្ញុំបាទបានឡើយ ដោយលោកចៅក្រមរូបនេះ បានចាត់ទុកខ្ញុំបាទ ជាសត្រូវរបស់គាត់រួចទៅហើយ»។

លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា នៅក្នុងពាក្យបណ្តឹងថា សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១ មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្តដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី ជាពិសេសមិនបានជូនដំណឹងមកភាគីកូនក្ដីរបស់ខ្ញុំដែលជាកូនបំណុលនៃការអនុវត្តអំពីការកំណត់តម្លៃលក់អប្បបរិមា ដែលតាមច្បាប់តម្រូវឲ្យជូនដំណឹងដល់កូនបំណុល ម្យ៉ាងទៀតយោងតាមមាត្រា៤៤៤ កថាខណ្ឌទី៤ បានចែងថា ដីកាសម្រេចអនុញ្ញាតឲ្យលក់ពុំមានអនុភាពទេ បើមិនទាន់ចូលជាស្ថាពរ ដោយសារតែមូលហេតុទាំងអស់នេះហើយ ទើបសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ចេញដីកាសម្រេចលុបចោលដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ។

លោក ឃិន សាមន បានប្រាប់ទៀតថា «ការអូសបន្លាយពេលវេលាបន្តទៀត វានឹងធ្វើឲ្យខូចខាងផលប្រយោជន៍របស់ខ្ញុំបាទ ហើយបើក្នុងករណីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយាជន៍ស្របច្បាប់របស់ខ្ញុំបាទ ខ្ញុំបាទនឹងប្តឹងលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ និងអ្នកពាក់ព័ន្ធទាំងអស់ទៅតុលាការ ដើម្បីទាមទារសំណងចំពោះការខូចខាត»។

នៅក្នុងលិខិតសុំអន្តរាគមន៍នាពេលនោះ លោករៀបរាប់ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៀតថា «សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្ត ដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី។ អាស្រ័យហេតុនេះ ដើម្បីចៀសវាងការអូសបន្លាយពេលវេលាបន្តទៀត និងចៀសវាងនូវការខូចផលប្រយោជន៏របស់ភាគី ដោយសារតែអ្នកទិញតាមផ្លូវតុលាការដោយខុសច្បាប់ចាត់ចែងនូវវត្ថុ ដែលជាកម្មវត្ថុវិវាទនេះជាបន្តទៀត សូមឯកឧត្តម មេត្តាជួយអន្តរាគមន៍តាមការស្នើសុំខាងលើ ដោយសេចក្តីអនុគ្រោះ»។

លោក ឃិន សាមន បានរៀបរាប់ទៀតថា ក្រោយមកទៀត ដីទំហំជាងមួយហិកតានេះ ត្រូវបានគេលួចលក់បន្តដោយខុសច្បាប់ឲ្យអ្នកផ្សេង ដែលមន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ប្រាប់ខ្សឹបប្រាប់គាត់ថា ដីរបស់គាត់ត្រូវបានលក់ទៅបុរសម្នាក់ ជាក្មួយរបស់ប្រធានសាលាឧទ្ធរណ៍ ដូច្នេះ ទើបចៅក្រមក្រោមបង្គាប់នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បានលុបចោលវិញ នូវដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះ បានអះអាងថា លោកមិនមានសល់ទ្រព្យអ្វីទៀតទេ គឺនៅសល់តែជីវិត និងរាងកាយមានជំងឺស្គមស្គាំង ដូច្នេះ លោកនឹងបន្តស្វែងរកយុត្តិធម៌រហូតដង្ហើមចុងក្រោយ ដោយគ្រោងប្តឹងទៅគ្រប់ថ្នាក់ដឹកនាំជាតិ ដូចជាសម្តេចតេជោ ហ៊ុន សែន និងព្រះ មហាក្សត្រ ហើយប្រសិនបើលោកសង្ស័យថា អំពើអយុត្តិធម៌នេះកើតឡើងដោយសារការសូកប៉ាន់ លោកនឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីសុំឲ្យចាត់វិធានការផ្លូវច្បាប់មក លើមន្ត្រីស៊ីសំណូក៕