ដោយ៖ ហៃ ស៊ីណា(វឌ្ឍនា)
ភ្នំពេញ៖ ទោះបីជា គណៈកម្មការអឺរ៉ុបបានសម្រេចយ៉ាងតក់ក្រហល់ព្យួរលើប្រពន្ធអនុគ្រោះពន្ធ(EBA)មកលើប្រទេសកម្ពុជា ដោយត្រូវនាំចូល ២០% ត្រូវបង់ពន្ធ និង៨០%ទៀតនៅរក្សាទុកដដែលក៏ពិតមែន ។ ប៉ុន្តែវិធានការរបស់អឺរ៉ុបបានបង្ហាញចេតនាយ៉ាងច្បាស់របស់សហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងសងសឹកលើកម្ពុជាយ៉ាងពេញទំហឹងនិងមិនអាចប្រកែកបានក្នុងរឿងនយោបាយ។
តាមពិតក្នុងរឿង EUនេះ មុនការសម្រេចយកពន្ធលើទំនិញកម្ពុជា អាមេរិកបានប្រើកូនឡុករបស់ខ្លួនយ៉ាងច្បាស់ឲ្យមកចរចារនិងកម្ពុជា ដោយដាក់លក្ខណ្ឌជាច្រើនចំណុចមករាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះទាមទារឲ្យរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិ លើកលែងការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង ការគោរពសិទ្ធិមនុស្ស និងការបើកឲ្យដំណើរអង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលមាននិន្នាការមេរិកនិយម។
នៅពីក្រោយឆាកពិតប្រាកដរឿង(EBA)នោះគឺសហរដ្ឋអាមេរិកបានសន្សំចិត្តគុំគួនកម្ពុជា ជាយូរមកហើយដែលបន្តតាំងពីក្រោយ សម្តេចព្រះបរមរតនកោដ្ឋដណ្តើមបានឯករាជ្យ ៩វិច្ឆិកា ១៩៥៣ ពីអាណាព្យាបាលបារាំង ដោយអាមេរិកចាប់បង្ខំព្រះអង្គចូលអង្គការឧបសម្ព័ន្ធយោធា(សេអាតូ) ឆ្នាំ១៩៥៤ ដើម្បីជួយប្រឆាំងនិងយួនខាងត្បូងគឺមិនទទួលបានជោគជ័យត្រួវបានព្រះអង្គបដិសេធវិញ ដោយប្រកាសគោលនយោបាយអព្យាក្រឹត្យ។
គំនុំសងសឹងរបស់អាមេរិកមិនទាន់រលត់នៅឡើយទេ រហូតដល់ថ្ងៃទី១៨ ខែមិនាឆ្នាំ១៩៧០ អាមេរិកបានសម្រេចជោគជ័យមួយលើកម្ពុជា ដោយអាមេរិកបានប្រើកម្លាំងក្នុងស្រុក ដែលមាននិន្នាការអាមេរិកនិយមបានរួមគ្នាទម្លាក់ព្រះអង្គចេញពីប្រមុខរដ្ឋ និងបានលើកបន្ទុប លោក សេនាប្រមុខ លន់ ណុល ជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥។
រហូតដល់សម័យ សម្តេចតេជោ ហ៊ុន សែន ក្នុងបច្ចុប្បន្នទៀត ដែលអាមេរិកត្រូវប្រើស្ទើរគ្រប់មធ្យោបាយ ដើម្បីកំទេចកម្ពុជាដល់ទីបញ្ចប់ ។ ប៉ុន្តែសម្តេចតេជោមិនជាន់ដានប្រវត្តិសាស្រ្តទៀតទេ។
ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់សព្វថ្ងៃនេះ សម្តេចតេជោមិនចង់ឲ្យល្អក់កករ រវាងអាមេរិក និងកម្ពុជាទៀតទេ ក៏ប៉ុន្តែអាមេរិកខ្លួនឯងនៅតែមិនព្រមឲ្យកម្ពុជាយើងបានសុខនោះទេ ពោលចាប់តាំងពីឆ្នាំ២០១២មក អាមេរិក ដូចជាមើលមុខគ្នាមិនចំ ដោយអន់ចិត្តជាខ្លាំងរឿងកម្ពុជាគាំទ្រនយោបាយចិន ក្នុងរឿងសមុទ្រចិនខាត្បូង។
ហេតុដូច្នោះ (EBA) មិនគួរចាត់ទុកជាកង្វល់ដ៏ធំ និងស្មុកស្មាញខ្លាំងពេកនោះទេ សម្រាប់កម្ពុជា ដែលមានសេដ្ឋកិច្ចរីកចម្រើនហួសពីកាស្មាន ដែលគណៈកម្មការអឺរ៉ុបបានកំណត់ក្នុងលក្ខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម(WTO)ទៅទៀត។ ពោលនៅពេលកម្ពុជាត្រូវគេមើលឃើញថា អាចក្លាយជាខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីនោះ នឹងលែងទទួលបានការអនុគ្រោះជាស្វយ័តប្រវត្តិ ដែលអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
បញ្ហាធំត្រង់ថា តើ (EBA)គឺជាអន្ទាក់ដែលសហរដ្ឋអាមេរិកបានគិតរាប់ឆ្នាំមកហើយមិនមែនទើបតែពេលនេះទេ ដោយហេតុថា កម្ពុជាកំពុងតែបង្ហាញពីទំនាក់ទទំនងល្អជាមួយនិងប្រទេសចិនជាពិសេសថ្មីៗនេះ សម្តេចតេជោ បាននាំបុត្រាច្បងរបស់សម្តេច គឺ លោក ហ៊ុន ម៉ាណែត ទៅទីក្រុងប៉េកាំង ចាប់ដៃយ៉ាងស្វាហាប់ជាមួយមេដឹកនាំចិន លោក ស៊ីជីន ពីង ស្មើរនិងទះអាមេរិកមួយកំភ្លៀង ខណៈមេដឹកនាំចិនបានប្រសិទ្ធនាមកម្ពុជាថា«មិត្តភាពដូចដែកថែបនោះ»។
តាមពិតល្បែងអុក នយោបាយពិតប្រាកដរបស់ សហរដ្ឋមេរិក ក្នុងអាណត្តិ លោក ដូណាល់ ត្រាំ គឺ អាមេរិកបានខ្ចីដៃសហគមន៍អឺរ៉ុប យ៉ាងច្បាស់ក្រឡែត ដោយឥតប្រកែកបាន ពោលធ្វើដូច្នោះ ដើម្បីកុំឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនចោទប្រកាន់ថា អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសតូច ដែលកំពុងតែមានឧត្តមភាពជាមួយនិងប្រទេសចិនចាក់ទឹកមិនលេចនោះ។
ក្នុងបរិបទនេះ ដាច់ខាងអាមេរិកចង់មិនចង់គឺមិនឲ្យកម្ពុជារបូតទៅចិនជាដាច់ខាត ដោយពេលខ្លះ អ្នកកាទូតអាមេរិក និងអ្នកជំនាញការបានមកចែចូវ នាយករដ្ឋមន្រ្តីកម្ពុជា ជាច្រើនលើកច្រើនសារ ។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហាក់ដូចជាដឹងទុកមុន គឺបញ្ជាក់ថា« ទោះក្នុងកាលទេសៈណាក៏ដោយសម្តេចមិនលក់អធិបតេយ្យជាតិទៅដូរនិងជំនួយបរទេសនោះទេ»។
ស្នៀតឬកូនអុកដែល អាមេរិកប្រើនាពេលនេះមិនខុសពីដំរីងាប់យកចង្អេរបាំងនោះទេ។ ផ្ទុយទៅវិញ EU ខ្លួនឯង បូករួមអាមេរិក នឹងបាត់បងការគាំទ្របន្តិចម្តងៗលើឆាកអន្តរជាតិ ដែលលែងមានទឹកមាត់ប្រៃនិយាយជាមួយមេដឹកនាំកម្ពុជាទៀតទេ។
ដោយខ្លួនឯងកំពុងតែប្រើនយោបាយវាតទីនិយមមកលើកម្ពុជាយ៉ាងច្បាស់ និងច្រំដែល ស្ទើរគ្រប់ជំនាន់ ដោយបម្រើមហិច្ឆតាចង់បន្តក្តោបក្តាប់មហាអំណាចពិភពលោក ក្នុងទស្សវត្តទី២១នេះទៀត ខណៈដែលចិនកំពុងតែវ៉ាដាច់អាមេរិកទៅហើយនោះ។
ចំពោះកម្ពុជាវិញមិនដែលចាត់ទុកអាមេរិកជាសត្រូវក្នុងក្រសែភ្នែកនោះទេ ពិសេសសម្តេចតេជោតែម្តង ផ្ទុយទៅវិញ ក្នុងបេះដូងរបស់កម្ពុជានៅតែរក្សាទំនាក់ទំនងនេះឲ្យកាន់តែល្អដដែលមិនថា អាមេរិកនោះទេ គឺគ្រប់ប្រទេសទាំងអស់គឺជាមិត្តល្អរបស់កម្ពុជា ក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ ដោយមិនប្រកាន់និន្នាការនោះដែរ។
ត្រឡប់មកវិញអាមេរិកខ្លួនឯងទេ ដែលតែងតែប្រើឥទ្ធិលពលនិងអំណាចរបស់ខ្លួនស្ទើរគ្រប់វិធី ដើម្បីគៀបសង្កត់កម្ពុជា ដោយភ្ជាប់ជាមួយនិងលក្ខ័ណ្ឌ ដែលកម្ពុជាពិបាកទទួលយកបានក្នុងនាមជាប្រទេសមានឯករាជ្យភាពនិងសេចក្តីថ្លៃថ្នូរ ។ ធាតុពិតអាមេរិកចង់ តថ្លៃគ្នា រឿង«ចង់ឲ្យគណបក្សប្រឆាំរស់ឡើងវិញ» បញ្ហាគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពរបស់អង្គការសង្គមស៊ីវិល។
កម្ពុជាមិនអាចបំពេញតាមបំណងរបស់អាមេរិកបានដូចការគិតនោះដែរ ដោយហេតុថា សព្វថ្ងៃប្រមុខដឹកនាំរាជដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មិនស្ថិតនៅក្រោយឥទ្ធិពលរបស់បរទេសណានោះដែរ គឺ កម្ពុជាមានអព្យាក្រិត្យភាពនិងឯករាជ្យភាពរបស់ខ្លួន ពេញ លេញ ក្នុងការសម្រេចជោគវាសនាលើប្រទេសជាតិ ខុសពីអតីតកាល ដែលត្រូវគេហ៊ុមព័ទ្ធទាំងសេដ្ឋកិច្ចនិងនយោបាយ។
ទោះបីជាអាមេរិកយកសម្ពាធរឿង EBA មកសង្កត់កម្ពុជាក៏រដ្ឋាភិបាលកម្ពុជាមិនយកអធិបតេយ្យជាតិទៅដូរនិងជំនួញបរទេសណាមួយ ដែលមានភ្ជាប់លក្ខ័ណ្ឌដ៏គ្រោះថ្នាក់នោះដែរ។ ត្រឡប់មកវិញ បច្ចុប្បន្ននេះកម្ពុជាកំពុងតែមានទឹកមាត់ប្រៃនិងសម្លេងល្បីរន្ទឺរជាបណ្តើរៗលើឆាកអន្តរជាតិទាំងនយោបាយ និងទំនាក់ទងការទូតហើយអាមេរិក ឬអឺរ៉ុបខ្លួនឯងលែងសូវមានឥទ្ធិល ក្នុងតំបន់នោះដែរ បើសិនជាបន្តយកបញ្ហា EBA មកដាក់សម្ពាធឬគំរាមលើកម្ពុជាបន្តទៀត។
នៅពេលខាងមុខដ៏ខ្លីនេះ ប្រទេសជាច្រើន ដែលរាប់អាននិងស្រឡាញ់កម្ពុជា(ស្រឡាញ់សម្តេច តេជោ) គេនឹងសើចចំអក អាមេរិក និងអឺរ៉ុបជាមុនខាន ។ បើសិននិយាពីសិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ និងសេរីភាពខាងសារព័ត៌មាន កម្ពុជាមានគ្រប់គ្រាន់ និងលើសពីប្រទេសផ្សេងៗទៀត ដែលអះអាងថា ខ្លួនជាប្រទេសបិតាប្រជាធិបតេយ្យនោះ(អាមេរិក)។
អ្វីគួរឲ្យខ្មាសអៀនអាមេរិកខ្លួនឯង បែរជាទៅចាប់ដៃជាមួយនិងប្រទេសកុំម្មុនីស្តិនិយម(វៀតណាម) ដោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវៀតណាម យ៉ាងតក់ក្រហល់កាលពីពេលកន្លងទៅនេះ ដើម្បីបញ្ឈឺចិត្តកម្ពុជាដែលកំពុងតែមានមិត្តភាពនិងប្រទេសចិន។
គិតដោយខ្លីវិញមកការប៉ុនប៉ងរបស់ សហរដ្ឋអាមេរិកមកលើកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជារូបមន្តមិនខុសពីការទម្លាក់ ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ នោះដែរ។ ជាក់ស្តែង ក្នុងរបត់កម្ពុជាសព្វថ្ងៃនេះ ការចោទប្រកាន់ សម្តេចតេជោថា« បោះបង់អាមេរិកទៅចាប់ដៃចិន»នេះគឺ ផ្ទុយស្រឡះតែម្តង។
ដោយសារតែ ប្រទេសទាំងអស់ក្នុងអាស៊ាន និងអឺរ៉ុប បានមើលឃើញឧត្តមភាពរបស់ប្រទេសចិនក្នុងតំបន់ និងពិភពលោក ។ ដោយប្រទេសខ្លះនៅអឺរ៉ុបក៏គេប្តូរនយោបាយដែរ ដើម្បីអភិវឌ្ឍន៍និងភាពរីកចម្រើនរបស់ និងបានចាប់ដៃកិច្ចសហប្រតិបត្តិការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយចិន ពោល«ចិនគឺជាដៃគួរអភិវឌ្ឍន៍មិនអាចខ្វះបានរបស់អាស៊ានបូករួមទាំងកម្ពុជាផង» ខណៈចិននឹងក្លាយមហាអំណាច១ ទៅគ្រប់គ្រងពិភពលោកទៅហើយនោះ៕