(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ស្ពានអាកាស ចំនួន ៤ កន្លែងបន្ថែមទៀត នឹងត្រូវសាងសង់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈបច្ចុប្បន្ន ស្ពានអាកាស នៅភ្នំពេញ មានចំនួន ៥ និងស្ពានអាកាស ១ទៀត កំពុងសាងសង់ នៅរង្វង់មូលចោមចៅ។
រីឯនៅខេត្តកណ្តាល ក៏នឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចំនួន ២ទៀត គឺស្ពានមួយ តភ្ជាប់ពីឃុំសិត្បូត៍ ទៅកាន់កោះអន្លង់ចិន មានប្រវែង ៣៦៦ម៉ែត្រ និងស្ពានមួយទៀត តភ្ជាប់ពីកោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ មានប្រវែង ៦៣០ម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ស្ពានអាកាសទាំង៤ ដែលគ្រោងនឹងសាងសង់បន្ថែមនេះ នឹងឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ១.០០០ ម៉ែត្រ។
តាតាមក្រសួងសាធារណការបានញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសបន្ថែម ចំនួន ៤ និងស្ពាន ២បន្ថែមទៀត នៅភ្នំពេញ និងនៅខេត្តកណ្តាលនេះ ជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលបានបើកការដ្ឋាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងជាង ៥២គីឡូម៉ែត្រ ដែលក្នុងនោះ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ ប្រវែងជាង ១៥ គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល ប្រវែងជាង ៣៧គីឡូម៉ែត្រ។ ដែលត្រូវចំណាយអស់ទឹកប្រាក់
ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕