សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៥ខែគុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។
លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាសតឿនដល់មន្ត្រីរាជការអោយដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន អោយស្របទៅតាមបច្ចកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែចេះប្រើនូវបច្ចេកវិទ្យានោះអោយបានត្រឹមត្រូវ មានន័យថាដើរអោយទាន់សម័យបច្ចេកវិទ្យាដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោបានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន ត្រូវចាត់ទុកខ្លួនឯងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។
សម្តេចសង្កត់ធ្ងន់ថា«មន្រ្តីទាំងអស់ គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំអោយការងាររត់រកយើងនោះទេ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទម ហើយត្រូវចេះគោរពប្រជាពលរដ្ឋ ចេះអោនលំទោន ដូចពាក្យចាស់លោកពោលថា «អោនដាក់ គ្រាប់ ងើយស្កក» និងពាក្យមួយទៀត«ពេលនៅអោយគេស្រលាញ់ ពេលចាកចេញអោយគេអាណិត» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសូមផ្តាំទៅកាន់សិស្សមន្ត្រីរាជការទាំងអស់ចៀសវាងពីការប្រើប្រាស់អំណាចគ្រួសារបក្សពួកនិយម ដូចជាពាក្យថា ប្ដីស័ក្ដិ៣ ប្រពន្ធស័ក្ដិ៤ កូនស័ក្ដិ៥ ដែលកន្លងមកប្រពន្ធ ឬកូនតែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ឬឪពុក ដែលធ្វើអោយបាត់បង់កិត្តិយស ដំណែងប្តី ឬឪពុក ដែលរឿងនេះ បានជះឥទ្ធិពលមិនល្អក្នុងសង្គម។