(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី ណាឌីន ដូរីស (Nadine Dorries) ត្រូវបានគេរាយការណ៍មកថា ឆ្លងមេរោគកូរ៉ូណា Covid-19 កាលពីចុងសប្តាហ៍មុន។
យោងតាមការផ្សាយរបស់កាសែត The Daily Mail របស់អង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា លោកស្រីរដ្ឋមន្ត្រីវ័យ៦២ឆ្នាំរូបនេះ ត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញឆ្លងមេរោគកូរ៉ូណា កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់លោកស្រីធ្លាក់ខ្លួនឈឺ នៅថ្ងៃសុក្រ សប្តាហ៍មុន។
The Daily Mail បានផ្សាយទៀតថា លោកស្រី ណាឌីន ដូរីស នៅពេលនេះ ត្រូវក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់តែឯង ហើយលោកស្រីចាប់ផ្តើមជាសះស្បើយពីជំងឺជាបណ្តើរៗឡើងវិញ។
កាសែតដដែលនេះ បានលើកឡើងទៀតថា ការធ្វើរោគវិនិច្ឆ័យរកឃើញលោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លងជំងឺដ៏កាចសាហាវនេះ គឺសារដ៏គួរឲ្យភ័យខ្លាចដល់វិមានរដ្ឋាភិបាល ជាពិសេស នៅក្នុងខុទ្ទកាល័របស់លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ព្រោះលោកស្រីរដ្ឋមន្ត្រី បានចូលរួមក្នុងពិធីជប់លៀងនៅទីនោះ កាលពីសប្តាហ៍មុនហើយបានជួបប្រាស្រ័យទាក់ទងជាមួយមនុស្សរាប់រយនាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនោះដែរ៕