ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ទី១៤ ខែមីនានេះ។
មុនអញ្ជើញចូលរួមពិធីបុណ្យទន្លេ នៅបាត់ដំបង សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី១៤មីនាផងដែរ។
ពិធីបុណ្យទន្លេ លើកទី៦ ប្រារព្ធឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅទីរួមខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព»។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ មានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ត្រូវបានរៀបចំឡើង ដូចជា ព្រឹត្តិការណ៍កីឡា ការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ ជាដើម។
ក្រសួងទេសចរណ៍ បានប្រកាសថា ការរៀបចំពិធីបុណ្យទន្លេ ក៏ដូចជា ពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែចង់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាកម្សាន្តប៉ុណ្ណោះទេ តែក្រសួងទេសចរណ៍ ក៏ចង់ឱ្យប្រជាពលរដ្ឋ ក្នុងខេត្តចូលរួមលក់ដូរផលិតផលរបស់ខ្លួន ជាអាទិភាពផងដែរ។
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បានរៀបចំពិធីបុណ្យទន្លេរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៥ នៅទីរួមខេត្តក្រចេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា។
ចំណែកពិធីបុណ្យទន្លេ លើកទី២ បានប្រារព្ធធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦។ បុណ្យទន្លេ លើកទី៣ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅទីរួមខេត្តស្ទឹងត្រែង។ លើកទី៤ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងលើកទី៥ ប្រារព្ធឡើង នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា៕