ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកឡើងវិញហើយ នៅថ្ងៃសុក្រ ទី១៣ ខែមីនានេះ នូវហាងលក់ផលិតផលរបស់ខ្លួន មានទូរស័ព្ទ iPhone ជាដើមចំនួន៤២សាខានៅប្រទេសចិន ក្រោយពីក្រុមហ៊ុននេះបានបិទទ្វារហាងទាំងស្រុងទាំង៤២សាខា ដោយកង្វល់ពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
សូមរំលឹកជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន Apple Inc បានលក់ផលិតផលទូរស័ព្ទ iPhone របស់ខ្លួនអស់ប្រមាណជាកន្លះលានគ្រឿងប៉ុណ្ណោះនៅប្រទេសចិន ដែលជាបរិមាណលក់ចេញទាបបំផុតមិនធ្លាប់មាន ។
អ្នកនាំពាក្យក្រុមហ៊ុន Apple Inc បានឲ្យដឹងថា ប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុននេះ ដែលអាចលក់ផលិតផលទូរស័ព្ទដៃបានរាប់លានគ្រឿងក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននេះ បានសម្រេចចិត្តបិទទ្វារហាក់លក់ផលិតផលរបស់ខ្លួនទាំងអស់ ក្រោយពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕