ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ នៅ​ខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍ ទី​១៤​ ខែមីនា​នេះ​។

​មុន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​បាត់ដំបង សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រុង​ស្រុក និង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤​មីនា​ផងដែរ​។​

​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ប្រារព្ធ​ឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព និង​ទន្លេ​នៃ​វិបុលភាព​»​។

សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ មាន​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន ត្រូវបាន​រៀបចំឡើង ដូចជា ព្រឹត្តិការណ៍​កីឡា ការសម្ដែង​សិល្បៈ និង​ការតាំងពិព័រណ៍ ជាដើម​។

​ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ ក៏ដូចជា ពិធីបុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចូលរួម​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក្រសួង​ទេសចរណ៍ ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ចូលរួម​លក់ដូរ​ផលិតផល​របស់ខ្លួន ជា​អាទិភាព​ផងដែរ​។

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បាន​រៀបចំពិធីបុណ្យទន្លេរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៥ នៅទីរួម​ខេត្តក្រចេះ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា។

ចំណែក​ពិធីបុណ្យទន្លេ លើកទី២ បាន​ប្រារព្ធធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦។ បុណ្យទន្លេ លើកទី៣ ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី២៦ ខែ​មី​នា ឆ្នាំ​២០១៧ នៅ​ទីរួមខេត្តស្ទឹងត្រែង​។ លើកទី៤ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និងលើកទី៥ ប្រារព្ធឡើង នៅខេត្តកំពង់ឆ្នាំង​ ចាប់​ពី​ថ្ងៃ​ទី ​១៥-១៧ ខែមីនា៕