ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគី(Takah ashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជានៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២ ០២០នេះ។

លោក តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។

ជាមួយនេះ លោក តាកាហាស៊ី លើកឡើងថា ប្រតិភូដែល លោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។

សម្តេចតេជោបានមានប្រសាសន៍ថា បញ្ហាជំងឺខូវីដ ១៩ នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជា គឺបញ្ហាជំងឺភ័យខ្លាច ។

សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីវិធានការទប់ស្កាត់បញ្ហាក្នុងករណីដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះនៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក ។

យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជានិងអ្នកវិនិយោគដែលទើបមកជួបសម្ដេចនៅពេលនេះ សុំកុំឲ្យមានការភ័យបារម្ភអ្វីលើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែមានវិធានការទប់ស្កាត់ហើយ៕