(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅម៉ោងប្រមាណ ៩ ព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកវិនិយោគទុនកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅចិន នាពេលនេះ ក្រៅពីពង្រឹង និងពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជានឹងទទួលបានជំនួយ និងការវិនិយោគបន្ថែមទៀត ពីមិត្តចិន។
មុនអញ្ជើញទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសចិន លើកនេះ សម្តេចមានគម្រោងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចហ៊ុនសែន បន្ថែមថា នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈ និងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា “មិត្តចិន មានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតា មកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ”។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក៏ត្រូវបានក្រសួងការបរទេស ប្រកាសកាលពីថ្ងៃទី១៨ ខែមករាថា ក្រៅពីជួបមេដឹកនាំកំពូលៗរបស់ប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយឯកឧត្តមរដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកជំទាវ គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន ៤រូបទៀត ពីធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍ លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន ផងដែរ។
ក្រសួងការបរទេស ក៏បានគូសបញ្ជាក់ថា ការជួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នឹងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន នឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ រំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕