ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោផ្ញើសារ​​សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ

សារជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ ខែមីនា គឺសម្តេចបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។

សម្តេចមានប្រសាសន៍ទៀតថា «ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាល​ដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំង​ឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅ​ជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ»៕