បាត់ដំបង ៖ ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជានៅតែបន្តកើនឡើងនោះទេ ។
ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំកម្ពុជាកំពុងពិចារណាឲ្យអ្នកច្បាប់សិក្សាពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា« តែទោះបីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ» ។
សម្តេចបានថ្លែងទៀតថា បើសម្តេចផ្ទាល់ ប្រសិនណាស្ថានភាពនេះវាកាន់តែរីករាលដាលហើយចំនួនអ្នកផ្ទុកកូវីដ១៩នេះច្រើន ជៀសមិនផុតពីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា រដ្ឋាភិបាលសម្តេចកំពុងតែពិចារណាក្នុងការទួលថ្វាយព្រះមហាក្សត្រដាក់ប្រទេសកម្ពុជាក្នុងគ្រាមានអាសន្ន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរីករាលដាលពាសពេញពិភពលោក ។
សម្តេចកំពុងឲ្យអ្នកច្បាប់សិក្សាពីវិសាលភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន។ សម្តេច ថា នេះជាវិធានការតឹងរឹងទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ នៅកម្ពុជា ។
សម្រាប់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលដែលកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្ននោះ សិទ្ធិស៊ីវិលមួយចំនួនត្រូវបានបិទដូចជាការជួបជុំតវ៉ាផ្សេងៗ។
សម្តេចបានបញ្ជាក់ថា សម្តេចមិនចង់ប្រើវិធានការនេះនោះទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់សម្តេចគ្មានប្រសិទ្ធភាពនោះ ។ សម្តេច ថា មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះសម្តេចក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន៕
ដោយ៖សំរិត