ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។
មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០០ម៉ែត្រ។
ទទឹង៣ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ ទទឹង៧ម៉ែត្រនិងប្រវែង៧០០ម៉ែត្រទទឹង១០ម៉ែត្រ ដែលមានផ្ទៃ ក្រឡាសរុប ១៣៦៥០ ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុងមួយទីតាំងឆ្លងកាត់ប្រឡាយទួលសំពៅ(ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខរាជធានីភ្នំពេញជំហានទី២។
ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពប្រឡាយខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរ ខណ្ឌពិសេស លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យធ្វើយ៉ាងណាចុះធ្វើការសម្របសម្រួលនិងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះអោយបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុកដោយហេតុថា ប្រឡាយខាងលើនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពីភូមិឋានរបស់ពួកគាត់ពិសេសនៅតំបន់ខាងជើងព្រលានយន្តហោះភ្នំពេញ។
លោក ឃួង ស្រេង ក៏បានជមជំរុញឲ្យក្រុមការងារនៃមន្ទីរសាធារណការរាជធានីភ្នំពេញស្តារក៏ដូចជាស្ថាបនាប្រឡាយនេះឲ្យបានលឿន ហើយចំពោះផលប៉ះពាល់យើងនឹងធ្វើការដោះស្រាយ តាមក្រោយសំខាន់គឺការស្ដារប្រឡាយនេះឲ្យរួចរាល់ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួលខេត្តកណ្តាលនិងតំបន់ជុំវិញ៕
ដោយ៖សំរិត