ក្រុមអាជ្ញាធររបស់ប្រទេសចិន បានប្រកាសបើកទីក្រុង អ៊ូហាន នៃខេត្ត ហ៊ូប៉ី ឡើងវិញហើយ នៅថ្ងៃពុធ ទី០៨ ខែមេសានេះ ក្រោយពីទីក្រុងនេះ ត្រូវបានបិទរយៈពេលជាងពីរខែ ចាប់តាំងពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
សូមបញ្ជាក់ជូនថា អ៊ូហានគឺជាទីក្រុងដែលផ្ទុះឡើងនៃវីរុសCovid-19 ដែលក្រុមអាជ្ញាធរចិនបានប្រកាសជាផ្លូវការនូវវត្តមានវីរុសCovid-19ចាប់តាំងពីថ្ងៃទី៣១ខែធ្នូចុងឆ្នាំ២០ ១៩ កន្លងទៅហើយទីក្រុងនេះត្រូវបានបិទទ្វារទាំងស្រុងមិនអោយប្រជាពលរដ្ឋចេញទៅខាងក្រៅទោះបីជានៅលើទឹកដីចិនក៏ដោយ ។
ក្រុមអាជ្ញាធរចិនមិនត្រឹមតែអនុញ្ញាតអោយប្រជាពលរដ្ឋនៅទីក្រុង អ៊ូហានអាចចាកចេញពីទីក្រុងនេះបានទេសូម្បីតែសេវាកម្មដឹកជញ្ជូនសាធារណៈហាងលក់ទំនិញនិងការប្រកបមុខរបរផ្សេងៗក៏បានដំណើរការឡើងវិញស្ទើរតែទាំងស្រុងហើយដែរ ខណៈដែលការឆ្លងវីរុសCovid-19សរុបនៅទូទាំងប្រទេសចិនមានចំនួន៨១៨០២ករណីនិងមនុស្សស្លាប់សរុបមានចំនួន៣៣ ៣៣ នាក់ ៕