នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសអាស៊ានបូក៣បានបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន បូក៣ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩។
កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជាជុំអាស៊ានទាំង ១០ប្រទេស បូកដៃគូ៣ទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន ព្រមទាំងអគ្គអគ្គនាយកនៃអង្គការសុខភាពពិភពលោកផងដែរ។
ក្រោយកិច្ចប្រជុំ ប្រទេសអាស៊ានបូកបីបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានចំណុចសំខាន់ៗចំនួន១៣៖
១ – លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរព័ត៌មានជាទៀងទាត់ដោយសេរី និងបើកចំហ និងមានតម្លាភាពស្ដីពីស្ថានភាពជាក់ស្ដែង និងវិធានការដែលបានអនុវត្តដោយប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងពង្រីកការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ និងតាមដានការចម្លងក៏ដូចជាការព្យាបាលផងដែរ។
២- ប្ដេជ្ញាកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិ និងតំបន់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរាតត្បាតការការពារបុគ្គលិកសុខាភិបាលជួរមុខ និងធានាការចែកចាយផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រអោយបានគ្រប់គ្រាន់ ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យ ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាពសុវត្ថិភាព និងភាពងាយស្រួល។
៣- ពិចារណារៀបចំការបម្រុងទុក ការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗរបស់អាស៊ានបូកបី ដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។ លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់ រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងបង្កបម្រុងបន្ទាន់របស់អាស៊ាន៣ សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ។
៤ – លើកទឹកចិត្តការគាំទ្រ និងជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ានបូកបីក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខខាភិបាលសាធារណៈ រួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈ ការផ្ដល់អាហារូបករណ៍និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។
៥- ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការរាតត្បាតការការពារប្រជាពលរដ្ឋរួមទាំងស្វែងរកលទ្ធភាពនៃការបង្កើតមូលនិធិពិសេសដែលអាចធ្វើទៅបានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ តាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយ និងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងការគាំទ្របន្ថែមពីបណ្ដាប្រទេសបូកបី។
៦- លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ការគាំទ្រ និងជំនួយសមស្របដល់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ានបូកបី ដែលកំពុងស្នាក់នៅបំពេញការងារ និងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបី ដោយធានាសុវត្ថិភាព និងសមត្ថភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។
៧- ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈ ប្រកបដោយប្រសិទ្ធភាព ធានាតម្លាភាព និងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។
៨- បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរក្សាការបើកច្រកទីផ្សារ រក្សាលំហូរពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យរឹងមាំ ធានាការចាត់វិធានការបន្ទាន់សម្រាប់ការឆ្លើយតបចំពោះសុខភាពសាធារណៈ និងចំគោលដៅសមាមាត្រប្រកបដោយតម្លាភាព និងមានលក្ខណៈជាបណ្ដោះអាសន្ន ព្រមទាំងមិនបង្កើតរបាំងមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្ម ឬបង្កើតការរំខានដល់ខ្សែសង្វាក់ផលិតកម្មពិភពលោក។
៩- បញ្ជាក់សារជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ដាកំណើនឡើងវិញ រក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។
១០- ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើអោយមានស្ថិរភាពផលិតកម្ម និងស្ថិរភាពផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗ រួមបញ្ចូលទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ផលិតផលកសិកម្ម ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅតំបន់។
១១- ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល និងបញ្ចប់ការរាតត្បាត ខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គម និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាកំណើនប្រកបដោយចីរភាព។
១២- រក្សាការរូបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។
១៣- ណែនាំអោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ធ្វើជាអង្គភាពសម្របសម្រួលជាស្នូលដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានបូកបី ដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា ដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕