ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផែនការមេជាបណ្តោះអាសន្នពីការអភិវឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរីបានសិក្សាចប់រួចរាល់ហើយ

ភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការអាកាសចរស៊ីវិល បានអះអាងថា ផែនការមេជាបណ្តោះអាសន្នស្តីពីការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាបានសិក្សាចាប់រួចរាល់ហើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៦មេសានេះ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា ជាជំហានបន្ទាប់ទៀតគឺរដ្ឋលេខាធិការអាកាសចរស៊ីវិលនឹងធ្វើការសិក្សាលម្អិតតទៅទៀតពីផលប៉ះពាល់សង្គមបរិស្ថាននិងការអភិវឌ្ឍជាក់ស្តែងបន្ថែមទៀត ដើម្បីឈានទៅដល់ការសាងសង់អាកាសដ្ឋានក្នុងស្រុកមួយនេះ ។

លោកថ្លែងថា បន្ថែមពីនេះក៏យើងត្រូវពិចារណាថាតើពេលណាដែលយើងត្រូវអភិវឌ្ឍក្នុងកម្រិតត្រឹមប៉ុន្មាន ដែលនេះគឺត្រូវការរយៈពេលដើម្បីសិក្សាបន្ថែមទៅទៀត។នេះបើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា ។
លោកបន្តថា អាជ្ញាធរខេត្តមណ្ឌលគិរីបានផ្តល់ទីតាំង សាងសង់អាកាសយានយន្តមណ្ឌលគិរីនេះ ចំនួន៣០០ហិកតា ដើម្បីធ្វើការសាងសង់ដើម្បីបម្រើឲ្យវិស័យអាកាសចរក្នុងស្រុក ។
ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឲ្យបានឆាប់រហ័សនិងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ ៕
ដោយ សំរិត