ភ្នំពេញ៖ លោកស្រី សៀង ចាន់ ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសាបានប្រកាសជួយផ្តល់ជំនួយឧបត្ថម្ភថវិកា ដើម្បីជួសជុលអភិរក្សខ្លោងទ្វារតាកាវដែលជាកេរមរតកដូនតាដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ឱ្យមានលក្ខណៈដូចដើមឡើងវិញ។
ខណៈខ្លោងទ្វារនេះមានសភាពទ្រុឌទ្រោមដែលអាចបង្ក ហានិភ័យដល់អ្នកធ្វើដំណើរ ហើយត្រូវបានបិទមិន ឱ្យរថយន្តធ្វើដំណើឆ្លងកាត់ឡើយ។
លោកស្រីបានប្រកាសផ្ដល់ជំនួយនេះ កាលពីថ្ងៃអាទិត្យ ១៩ មេសា ឆ្នាំ២០២០ ក្នុងឱកាសលោកស្រី ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសភាពទ្រុឌ ទ្រោមខ្លោងទ្វារតាកាវនេះ។
លោកស្រី សៀង ចាន់ហេង ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលរួមក្នុងកិច្ចការបេតិក ភណ្ឌទាំងនេះ ដែលធ្វើឱ្យលោកជំទាវមានមោទនភាព ក្នុងការរួមចំណែកថែរក្សាដួងព្រលឹងជាតិខ្មែរ។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការងារអភិរក្ស និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេសជួយ សម្រួលបញ្ហាកកស្ទះចរាចរនៅក្នុងតំបន់អង្គរធំនៅ ពេលបុណ្យទាន និងរដូវមានភ្ញៀវច្រើនផងដែរ។
សូមបញ្ជាក់ថា៖ នេះជាគម្រោងទី៣ហើយ ដែល លោកស្រី សៀង ចាន់ហេង ស្ម័គ្រចូលរួមការងារក្នុង រមណីយដ្ឋានអង្គរដែលគម្រោងទី១-គឺការជួសជុលរហាត់ទឹកនៅសួនបណ្ដុះកូនឈើប្រាសាទតាកែវ។គម្រោងទី២-ជួសជុលប្រាសាទកណ្ដាលស្រះស្រង់ និងគម្រោង គឺគម្រោងជួសជុលខ្លោងទ្វារតាកែវ ៕
ដោយ៖ សំរិត