ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ត្រួតពិនិត្យសុខភាព១០កន្លែងនៅរាជធានីភ្នំពេញដល់កម្មករ ក្នុងនោះមាន​ ២នាក់ត្រូវបានយកសំណាកទៅត្រួតពិនិត្យ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនាព្រឹកថ្ងៃទី២០ ខែមេសាថា ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌល​ចត្តា​ឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយ​ឡែក ១៤ថ្ងៃ ក្រោយពួកគាត់ត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។
លោក​បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់​ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០,០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥,០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។

លោក​​​ ហេង សួរ បានបន្តថា គិតមកដល់ពេលនេះ គេបានរកឃើញកម្មករចំនួន ២នាក់ ដែលចេញរោគសញ្ញាខ្លះៗនៃរោគសញ្ញាទាំងឡាយរបស់ជំងឺកូវីដ១៩ ហើយពួកគេក៏ត្រូវបានយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថាន​ប៉ាស្ទ័រហើយ។ ប៉ុន្តែកន្លែងស្នាក់នៅរបស់ពួកគេនៅទីណានោះ ឯកឧត្តម ហេង សួរ មិនអាចបញ្ជាក់បានឡើយ ដោយទុកជាការសម្ងាត់។

ពួកគេកំពុងទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ និងមានការផ្ដល់ម្ហូបអាហារក្នុងកម្រិតអប្បបរមា។

មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២។
មណ្ឌលចត្តាឡីស័កមានចំនួនបីទីតាំង នៅអនុវិទ្យាល័យគោកបញ្ជាន់,វិទ្យាល័យជម្ពូវ័ន្ត និងនៅវិទ្យាល័យឫស្សីកែវ ។ រីឯកន្លែងត្រួតពិនិត្យ និងតាមដានសុខភាពមានចំនួន៧ទីតាំង ស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ១, សួនឧស្សាហកម្មកាណាឌីយ៉ា, , សួនឧស្សាហកម្មវឌ្ឍនៈ២, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង សាលាបឋមសិក្សាភូមិឫស្សី

លោក​​រដ្ឋលេខាធិការ បញ្ជាក់ថាមណ្ឌលចត្តាឡីស័កកម្រិត១ ប្រៀបដូចជាការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែជួនកាលម្ចាស់បន្ទប់ជួលគាត់ ឬអ្នករួមបន្ទប់របស់គាត់មិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេ ដូច្នេះសាមីខ្លួនអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន។

ចំណែកមណ្ឌលចត្តាឡីស័កកម្រិត២នេះ គឺមានតែនៅអគារមួយផ្សេងពីអគារចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យជម្ពូរវ័ន្តតែមួយប៉ុណ្ណោះ ដែលសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន គេនឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៉ី។

លើសពីនេះ​លោក​បន្ថែមថា​​ អគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ចំណែកឯអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពីម្នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២,៥០០នាក់៕