(ភ្នំពេញ)៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង។
ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់រង្វាន់ទាំងអស់នាពេលវេលាសមស្របណាមួយ។
ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ ធ្វើឱ្យប្រជាពលរដ្ឋមហាសែនរីករាយ ហើយប្រៀបបានជួយស្រោចស្រង់ជីវិតពលរដ្ឋខ្មែរ ដែលរងការបំផ្លាញដោយគ្រឿងស្រវឹង។
ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាបំផុតចំពោះចំណាត់ការមួយនេះ៕