ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងថ្លែងថា«បច្ចុប្បន្នអ្នកជំងឺ​ពីរនាក់ចុងក្រោយគេ​មានសុខភាពល្អនឹងឆាប់បានជាសះស្បើយចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ»

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១១ឧសភានេះ​​ថា  រហូតមកដល់ពេលនេះ​ អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្តឲ្យមកសម្រាកព្យាបាលនៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ ហើយបច្ចុប្បន្ននេះ​ ពួកគេមានសុខភាពល្អ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។

លោករដ្ឋមន្រ្តី​ អះអាងថា “ខ្ញុំព្រួយបារម្ភអំពីសុខភាពទាំងពីរនាក់នេះ ដូច្នេះខ្ញុំបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនិងកំពង់ឆ្នាំង បញ្ជូនអ្នកជំងឺពីរនាក់នេះ មកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មិនមែនបានសេចក្ដីថា នៅខាងនោះគេធ្វើអត់កើតទេ ប៉ុន្តែមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យមួយ ដែលមានអ្នកឯកទេសច្រើន ដូច្នេះគេអាចពិគ្រោះ គេអាចផ្ដល់យោបល់គ្នា ដើម្បីធ្វើការថែទាំសុខភាពជូនគាត់ ឲ្យបានឆាប់ជារហ័ស ឥឡូវឃើញថាសុខភាពគាត់ថ្ងៃនេះល្អ ហើយសង្ឃឹមថានឹងអាច ជាសះស្បើយនឹងចេញពីមន្ទីរពេទ្យ ក្នុងពេលថ្ងៃមុខនេះ”។

យោងតាមលោករដ្ឋមន្រ្តីបង្ហាញថា មូលហេតុដែលពួកគេទាំងពីរនាក់នោះ ព្យាបាលយូជាងគេ គឺដោយសារពួកគេទាំងពីរ មានជំងឺប្រចាំកាយ(ម្នាក់មានជំងឺទឹកនោមផ្អែមនិងម្នាក់ទៀតមានជំងឺផ្លូវចិត្ត) ដោយក្រុមគ្រូពេទ្យត្រូវធ្វើការតាមដាន ប្រើប្រាស់រយៈពេលយូរ ដោយជាក់ស្ដែងមិនមែនតែព្យាបាលជំងឺកូវីដ១៩តែមួយមុខ នោះទេ ត្រូវព្យាបាលជំងឺប្រចាំកាយរបស់ពួកគេផងដែរ។

ចំណែកពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី ចង់ត្រឡប់មកកម្ពុជាវិញនោះ ក្នុងស្ថានភាពនេះ មិនទាន់អនុញ្ញាតឲ្យពួកគេមកវិញឡើយ ដោយលើកទឹកចិត្តឲ្យពួកគេបន្តស្នាក់នៅទីនោះសិន។ គិតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានទទួលថវិការពីសប្បុរសជនបានចំនួន១៤លានដុល្លារ ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ហើយបច្ចុប្បបន្នក្រសួង បានប្រើប្រាស់ថវិកា អស់ប្រមាណជាង៧លានដុល្លារ ដើម្បីទិញសម្ភារនានា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩នេះ ផងដែរ៕