(ព្រៃវែង)៖ ប្រជាកសិករក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង នាំគ្នាងាកមកដាំបន្លែត្រឡាច ជំនួសការធ្វើស្រែ ខណៈទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងតែមានតម្រូវការខ្ពស់ ព្រមទាំងដាំដំណាំបន្ទាប់បន្សំផ្សេងទៀត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបង្កើនប្រាក់ចំណូលគ្រួសារ។
លោក សារឹម ជាកសិករ និងជាម្ចាស់ចម្ការត្រឡាច រស់នៅក្នុងភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបរាប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០
ថា ដំបូងឡើយលោកធ្វើស្រែតែមួយមុខគត់ នៅលើផ្ទៃដីជាង១០ហិកតា ក្នុងនោះដីស្រែ៨០ភាគរយ គឺជាដីដែលលោកជួលគេ ដោយធ្វើមួយឆ្នាំបានបីដង ព្រោះដីធ្វើស្រែនេះនៅជាប់ប្រឡាយទឹក។
លោកបានបន្តថា ក្រៅពីធ្វើស្រែ លោកបានឆ្លៀតដាំបន្លែសរីរាង្គបន្តិចបន្តួចជាលក្ខណៈគ្រួសារ សម្រាប់ទុកហូបខ្លួនឯង។ ក្រោយមក ដោយសារតែទទួលបានផលល្អលើសពីការហូបចុក លោកក៏បានយកបន្លែខ្លះទៅលក់នៅឯផ្សារក្បែរផ្ទះ។ លុះក្រោយមកទៀត លោកក៏ទទួលបានការបញ្ជាទិញបន្លែមួយចំនួនពីអ្នកលក់បន្លែនៅផ្សារផងដែរ។
ម្ចាស់ចម្ការត្រឡាចរូបនេះ បានបញ្ជាក់ថា បន្ទាប់មកលោកក៏បានសាកល្បងដាំបន្លែត្រឡាចលើផ្ទៃដីពីរហិកតា នៅដើមខែកុម្ភៈ ឆ្នាំ២០២០នេះ។ បច្ចុប្បន្ន អាចប្រមូលទិន្នផលផ្លែត្រឡាចក្នុងមួយថ្ងៃ បានជាង២០០គីឡូក្រាម ហើយលោកអាចលក់បានតម្លៃពី១៤០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម គឺទទួលកម្រៃលើសពីការធ្វើស្រែ។
លោក សារឹម បានបញ្ជាក់ទៀតថា មូលហេតុដែលលោកជ្រើសរើសបន្លែត្រឡាចយកមកដាំ ព្រោះវាងាយស្រួលដាំ និងងាយស្រួលមើលថែ ថែមទាំងទទួលផលបានលឿន គឺត្រឹមតែរយៈពេល៤៥ថ្ងៃ អាចប្រមូលផលបានរៀងរាល់ថ្ងៃ។ ហើយការការដាំត្រឡាច គឺវាមិនលំបាកទេ គឺគ្រាន់តែរកដីមិនជាំទឹក ធ្វើស្មៅ លើករងឲ្យបានខ្ពស់ ប្រើជីកំប៉ុស អាចម៍ទា ឬអាចម៍គោ។
លោកបានបញ្ជាក់ថា ការដាំបន្លែបន្ទាប់បន្សំនេះ បានរួមចំណែកដោះស្រាយជីវភាពគ្រួសាររបស់លោក ឲ្យបានល្អប្រសើរមួយកម្រិត និងចៀសវាងការនៅទំនេរឥតប្រយោជន៍។
ដោយសារបទពិសោធ និងជោគជ័យក្នុងការដាំដំណាំត្រឡាចនេះ លោកបានរំពឹងថា នៅឆ្នាំក្រោយ លោកគ្រោងពង្រីកការដាំដុះឲ្យច្រើនជាងនេះថែមទៀត៕