ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

(ព្រុយណេ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan, ប្រទេសព្រុយណេ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយករដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ និងគណៈប្រតិភូក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
លទ្ធផលសង្ខេបនៃកិច្ចប្រជុំ៖ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាលើ៖
(១)៖ វឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលបានអនុវត្តដោយក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារអនុលោមភាព និងការអនុវត្តច្បាប់ និងក្រុមការងារកសាងសមត្ថភាព ក្រោមការដឹកនាំសម្របសម្រួល ដោយគណៈកម្មាធិការសម្របសម្រួលកិច្ចការគយអាស៊ាន និង
(២) វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដែលបានអនុវត្តដោយក្រុមការងារបច្ចេកទេស និងក្រុមការងារកិច្ចការច្បាប់ នៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន ក្រោមការដឹកនាំសម្របសម្រួល របស់គណៈកម្មាធិការដឹកនាំប្រព័ន្ធបញ្ជរតែមួយអាស៊ាន។
អង្គប្រជុំបានកត់សម្គាល់លើវឌ្ឍនភាព នៃការរៀបចំមគ្គុទេសក៍សម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តីពីទិន្នន័យពាណិជ្ជកម្មរវាងរដ្ឋបាលគយ និងប្រតិបត្តិករពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅលើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
អង្គប្រជុំបានពិភាក្សា និងអនុម័តលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២៦-២០២៣០, មគ្គុទេ្ទសក៍តម្លៃគិតពន្ធគយជំនាន់ថ្មីឆ្នាំ២០២៥, មគ្គុទេ្ទសក៍ស្តីពីការចែករំលែកព័ត៌មាន តម្លៃគិតពន្ធគយ, ផែនទីចង្អុលផ្លូវហានិភ័យសុចរិតភាពអាស៊ាន។
អង្គប្រជុំក៏បានឯកភាពលើការចាត់តាំងប្រធានក្រុមការងារ និងប្រធានអនុក្រុមការងារគយ សម្រាប់អាណត្តិថ្មី និងកាលវិភាគកិច្ចប្រជុំនានាក្រោមឆ័ត្រកិច្ចសហប្រតិបត្តការ គយអាស៊ានសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦។
អង្គប្រជុំបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលល្អប្រសើនៃ «ប្រតិបត្តិការគយរួមគ្នាលើកទី២» ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន, ការបញ្ចប់ការចរចាជំពូក ស្តីពីនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមក្របខណ្ឌនៃការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនជំនាន់ទី 3.0។
អង្គប្រជុំបានសម្តែងការព្រួយបារម្ភចំពោះការដាក់បន្ទុកពន្ធជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមសំខាន់ៗដល់ធុរកិច្ច, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល រំខានដល់រំហូរពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់និងពិភពលោក និងជាឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន។
ក្នុងបរិបទនេះ អង្គប្រជុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយភាពអាចព្យាករណ៍បាន មានតម្លាភាព សេរីភាព ស្មើភាព បរិយាប័ន្ន និរន្តរភាព និងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិផ្អែកលើកិច្ចព្រមព្រៀង និងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លើសពីនេះ អង្គប្រជុំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសុចរិតភាព និងអនុលោមភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងទប់ស្កាត់សកម្មភាពពាណិជ្ជកម្មខុសច្បាប់ ដែលអាចពាក់ព័ន្ធនឹងការបញ្ជូនទំនិញតាមរយៈប្រទេសទីបី ឬបទល្មើសបន្លំដើមកំណើតទំនិញជាដើម។
អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូនៃអង្គការគយពិភពលោក (WCO), រដ្ឋបាលគយអូស្រ្តាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ដូចជា៖ ការចែករំលែកឧត្តមានុវត្ត និងជំនួយបច្ចេកទេសសម្រាប់រដ្ឋបាលគយអាស៊ាន, ប្រតិបត្តិការគយរួមគ្នា ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងបទល្មើសឆ្លងដែន, ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់គាំទ្រគ្នាទៅវិញទៅមក រវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយជាដៃគូ ដើម្បីឆ្លើយតបនឹងបរិបទស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយកូរ៉េ, លោកបណ្ឌិត គុណ ញឹម បានធ្វើជាសហប្រធានជាមួយលោក Kwang-hyo KO អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ លើប្រធានបទស្តីពីគម្រោងផ្លាស់ប្តូរវិញ្ញាបនបត្រដើមកំណើតទំនិញអេឡិចត្រូនិក, ប្រតិបត្តិការគយរួមគ្នាក្នុងការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន និងការចែករំលែកចំណេះដឹង និងបទពិសោធការងារគយ និងកម្មវិធីជំនួយបច្ចេកទេសនាឆ្នាំខាងមុខផងដែរ។
អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន និងពិភាក្សាស្វែងរកដំណោះស្រាយ បញ្ហាមួយចំនួនដែលវិស័យឯកជនបានលើកឡើង ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ក៏បានជួបប្រជុំពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីជម្រាបពីវឌ្ឍនភាពពាក់ព័ន្ធនឹងទំនើបកម្មនៃរដ្ឋបាលគយកម្ពុជា ក្នុងគោលដៅបន្តសម្រួលពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ឱ្យកាន់តែទូលំទូលាយ និងដើម្បីស្តាប់សំណើ និងកង្វល់របស់ក្រុមប្រឹក្សាធុរកិច្ច លើប្រធានបទ មួយចំនួនដូចជា ការទប់ស្កាត់ផលិតផលថ្នាំជក់ក្លែងក្លាយ, ការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធិបញ្ញា, ពង្រីកការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO), បច្ចុប្បន្នភាពការតភ្ជាប់ប្រព័ន្ធរបស់គយទៅប្រព័ន្ធរបស់ប្រតិបត្តិករបញ្ញើរហ័សរបស់ក្រុមហ៊ុន DHL, ការតម្លើងពិតានតម្លៃទំនិញនាំចេញ សម្រាប់អនុវត្តនីតិវិធីគយសង្ខេប និងសាមញ្ញ នីតិវិធីគយសម្រាប់នាំចេញ-នាំចូលមាស ជាដើម។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានទៅជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dato Seri Setia Dr. Awang Haji Mohd Amin Liew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងលោក Dato Seri Setia Dr. Haji Abdul Manaf រដ្ឋមន្ត្រីក្រសួងធនធាននិងទេសចរណ៍ នៃប្រទេសព្រុយណេផងដែរ។
គណៈប្រតិភូ ក៏បានទស្សនកិច្ចនៅកំពង់ផែ Muara ដោយបានពិនិត្យឃ្លាំងស្តុកទុកអង្ករនាំចូលមកពីកម្ពុជា ដែលប្រើប្រាស់បច្ចេកទេសទំនើប អាចរក្សាគុណភាពល្អបានយូរ។ គួរបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់អង្ករមានគុណភាពល្អ និងគួរឱ្យទុកចិត្តបានសម្រាប់ប្រទេសព្រុយណេ។
សូមជម្រាបថា យោងតាមគោលការណ៍ប្ដូរវេន និងលំដាប់អក្ខរក្រម, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ៣៥ នៅកម្ពុជា នាអំឡុងពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខ៕