ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសប្តាហ៍នេះបានទទួលជួបពិភាក្សាការងារ ជាមួយ តំណាងសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានានៃ«គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប» ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យកសិកម្មក្នុងពេលកន្លងមក និងការបន្ស៊ីគ្នានៃផែនការយុទ្ធសាស្ត្រ-អាទិភាពសម្រាប់អនុវត្តនៅក្នុងដំណាក់កាលបន្ទាប់។ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយវិស័យកសិកម្មកម្ពុជាជាច្រើនគម្រោង ដូចជា គម្រោងកសិកម្ម និងវារីវប្បកម្ម។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ស្នើអោយសហភាពអ៊ឺរ៉ុបជួយលើការជួយអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីអភិវឌ្ឍន៍វិស័យ កសិកម្មលើកដំបូងរបស់កម្ពុជា ដោយ ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា កន្លងមកនេះកម្ពុជាបានទទួលគម្រោង ពីសហភាពអ៊ឺរ៉ុប សម្រាប់ ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធ កសិស្បៀងអាហារ មានគោលបំណងគាំទ្រដល់ កាត់បន្ថយឧស្ម័នកាបូនិច-CO2 នៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្មរបស់កម្ពុជា និងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព នៅកម្ពុជា។ ដោយឡែកសហភាពអឺរ៉ុបកាលពីខែមីនាឆ្នាំ២០២៥នេះ បានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជាដើម្បី លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល ដោយបានផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ មាន ដីធ្លីខ្នាតតូចចំនួន ២៥ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដើម្បីជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។

ហើយថ្មីៗនេះទៀត សហភាពអ៊ឺរ៉ុបបានមកសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម ក្នុងគោលបំណង ដើម្បីគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។

កម្មវិធីនេះរៀបចំឡើងតាមរយះការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារ នាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេស ដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវិស័យគោលដៅជាច្រើនទៀត ដើម្បីជំរុញអោយមាន ការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP) រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ