នៅក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០។
ទូលព្រះបង្គំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីវឌ្ឍនាមហាប្រសើរ ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញ្ញាណភ្លឺថ្លា។
សូមបង្គំទូលថ្វាយព្រះរាជមហាកុសល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាអាយុវឌ្ឍនមង្គលមួយដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរបានយូរអង្វែងតរៀងទៅ។
សូមបង្គំទូលថ្វាយព្រះករុណាសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលបង្គំ ខ្ញុំបាទ ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕