ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក(GDP) របស់ប្រទេសនេះ បានធ្លាក់ចុះ៣,៤%នៅចន្លោះពីខែមករាដល់ខែមីនាឆ្នាំ២០២០នេះដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ NHK ។
ប្រភពដដែលបានបន្តថា ការចំណាយជាលក្ខណៈផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេស ក៏បានធ្លាក់ចុះរហូតដល់០.៧%ផងដែរ ខណៈដែលរដ្ឋាភិបាលបានដាក់ប្រទេសក្នុងគ្រាអាសន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។
ក្រុមសេដ្ឋវិទូរបស់ប្រទេសជប៉ុន បានឲ្យដឹងថា នៅត្រីមាសទី២នៃ២០២០នេះ GDP របស់ប្រទេសនេះ អាចនឹងធ្លាក់ចុះកាន់តែទាបជាងត្រីមាសទី១ទៅទៀត ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ ហើយគិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ការឆ្លងវីរុសខូវីដ-១៩ សរុបនៅជប៉ុន បានកើនឡើងដល់១៦២៨៥នាក់ និងមនុស្សចំនួន ៧៤៤នាក់បានបាត់បង់ជីវិត ៕