ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។

លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា  សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។

លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈដូចគ្នាផងដែរ ហើយកំហុសវិន័យធំជាងគេផ្នែកវិជ្ជាជីវៈ ដែលអាចរកឃើញ គឺការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

លោករដ្ឋមន្ដ្រី កើត រិទ្ធ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ត្រូវចូលរួមផ្ដល់ព័ត៌មានមកក្រសួងយុត្តិធម៌ ក្នុងករណីឃើញមានភាពមិនប្រក្រតីណាមួយដែលបានកើតឡើង នៅក្នុងយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ នេះដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ។

លោក រដ្ឋមន្ដ្រី បានអះអាងថា កត្តាដែលជំរុញឲ្យមានភាពជោគជ័យធំ គឺការចូលរួមរបស់ចៅក្រម និងព្រះរាជអាជ្ញា ក្របដោយការទទួលខុសត្រូវ  ប្រសិនបើចៅក្រម និងព្រះរាជអាជ្ញា ធ្វើការងារនេះកាន់តែសកម្ម ការដោះស្រាយការកកស្ទះ បានលទ្ធផលកាន់តែច្រើន។ ដោយឡែកសម្រាប់ក្រសួងយុត្តិធម៌ផ្ទាល់ បានកំណត់ទិសដៅរបស់ខ្លួនថា ប្រសិនបើមានការចូលរួមសុឆន្ទៈពីតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលពី ៦ខែ ទៅ៩ខែ នឹងអាចសម្រេចលទ្ធផលប្រហែល៥០ ទៅ៧០ភាគរយ។

សូមបញ្ជាក់ថា  សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន ៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)៕