ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ដែលកំពុងស្ថាបនាឡើងវិញបានចំនួន៧៤ភាគរយ 

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ តើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់ ៧ សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤ ភាគរយ​ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែកផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួងស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែលប្ដូរពីផ្លូវAC ទៅផ្លូវបេតុងផងដែរ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ចំនួនបីកន្លែង ដោយមិនបានជូនដំណឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យទីតាំងដែលត្រូវបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើដំណើរឆ្លងកាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ៕