ភ្នំពេញ៖ បុរសឈ្មោះ ឃិន សាមន ដែលតែងតែអះអាងថា ជាជនរងគ្រោះដោយអំពើអយុត្តិធម៌ពីសំណាក់មន្ត្រីតុលាការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ពាក្យប្តឹងដិតចិត្តលោកចៅក្រមសាលាឧទ្ធរណ៍ ដោយចាត់ទុកថា ចៅក្រមរូបនេះ មានគតិល្អៀង មិនអាចផ្តល់យុត្តិធម៌ឲ្យគាត់បាន។
លោក ឃិន សាមន អាយុ៥៧ឆ្នាំ រស់នៅក្នុងសង្កាត់អន្លង់ក្ងាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់លោក យូ ប៊ុនឡេង ប្រធានសាលាទ្ធរណ៍ភ្នំពេញ នៅក្នុងបណ្តឹងដិតចិត្តថា «សាលាឧទ្ធរណ៍បានជំនុំជម្រះសារជាថ្មី ចំពោះដីកាសម្រេច លេខ២០ ក្រ.VII ភស/ដកស ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយបានសម្រេចសេចក្ដីតាមដីកាសម្រេច លេខ១០ ក្រ V “វ” ដកស ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា៖ ទទួលពាក្យបណ្ដឹងជំទាស់លេខ ៣៩៨ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ខ្ញុំបាទ និងលុបចោល ដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ»
លោក ឃិន សាមន បានបញ្ជាក់ប្រាប់លោក យូ ប៊ុនឡេង អំពីការព្រួយបារម្ភចំពោះយុត្តិធម៌អាចផ្តល់ពីចៅក្រមប្រធានក្រុមប្រឹក្សាក្នុងសំណុំរឿងនេះថា «ផ្អែកតាមមូលហេតុដូចបានរៀបរាប់ខាងលើនេះ ខ្ញុំបាទយល់ថា លោកចៅក្រម ភូ ពៅស៊ុន មានការលម្អៀងក្នុងការជម្រះក្ដីក្នុងសំណុំរឿងនេះ និងមិនអាចផ្តល់យុត្តិធម៌ឲ្យខ្ញុំបាទឡើយ»។
ក្នុងសាវតារឿងក្តីដ៏ស្មោគគ្រោកនេះ កន្លងមកលោក ឃិន សាមន ដែលជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យគ្រួសារគាត់រងទុក្ខវេទនា ឈឺចាប់ ព្រោះតែទង្វើរបស់អ្នកច្បាប់។
លោកបាននិយាយរំឭកថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ចៅក្រមនៅសាលាឧទ្ធរណ៍ ស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។
បុរសរូបនេះ ដែលតែងតែនិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជាង១០ឆ្នាំ ក្រោមការអនុវត្តទាំងបំពានច្បាប់របស់លោក ឌុច គឹមសន អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលក់ដីរបស់ខ្ញុំ ដែលមានទំហំជាងមួយហិកតា ក្នុងតម្លៃថោកបំផុត គឺទាបជាងប្រាក់ ខ្ញុំជំពាក់ឈ្មោះ គង់ ហួត ទៅទៀត»។
ដោយសារអំពើអយុត្តិធម៌នេះ លោក ឃិន សាមន បាននិយាយប្រាប់ Daily-Khmer ទៀតថា «ខ្ញុំបានលក់ជ្រូក លក់គោ ដើម្បីរឿងក្តីនេះ។ គោរបស់ខ្ញុំជាង១០ក្បាល លក់ហើយ គ្មានសល់អ្វីទៀតទេ។ ដោយសារអំពើអយុត្តិធម៌បែបនេះ»។
បន្ទាប់មកទៀត លោកបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបានលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សា និងមានលោកចៅក្រម ស៊ិន វិសាល និងលោកស្រីចៅក្រម ទិតសុទ្ធី បូរ៉ាល័ណ្ខណ៍ ចេញដីកាសម្រេច ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយទទួលស្គាល់ថា ដីកាលេខៈ ៣៦៧ តរ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់លោកចៅក្រម ឌុច គឹមសន ពិតជាពុំបានបំពេញតាមមាត្រា៤៤៤ និង៣០៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលចែងយ៉ាងច្បាស់ថា រាល់ការលក់ ត្រូវជូនដំណឹងឲ្យម្ចាស់ដីដឹងជាមុនសិន។ ប៉ុន្តែករណីនេះ លោកចៅក្រម ឌុច គឹមសន មិនបានអនុវត្តតាមច្បាប់ ចែងខាងលើនេះឡើយ។
ចំណែក លោក យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក៏បានចុះហត្ថលេខាលើដីកាសម្រេចលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ និងចុះហត្ថលេខាលើលិខិតបញ្ជាក់ពីការចូលស្ថាពរនៃសាលដីកានេះទៀតផង។
លោក ឃិន សាមន បានរំឭកទៀតថា នៅឆ្នាំ២០១៨ លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំដីការក្សាការពារ មិនឲ្យឈ្មោះ គង់ ហួត លក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗបន្តទៀត។ លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តាំង ស៊ុនឡាយ ជាប្រធានបានចេញដីកាលេខៈ ២៤៦ ”ថ”ដរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ហាមឃាត់មិនឲ្យលក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗឡើយ។
លោក ឃិន សាមន បានរៀបរាប់ទៀតថា ក្រោយមកទៀត ដីទំហំជាងមួយហិកតានេះ ត្រូវបានគេលួចលក់បន្តដោយខុសច្បាប់ឲ្យអ្នកផ្សេង ដែលមន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ប្រាប់ខ្សឹបប្រាប់គាត់ថា «លក់ទៅឲ្យបុរសម្នាក់ ជាក្មួយរបស់លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ដូច្នេះ ទើបចៅក្រមក្រោមបង្គាប់នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បានលុបចោលវិញ នូវដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ»។
ពាក់ព័ន្ធនឹងការលើកឡើងចំពោះអំពើអយុត្តិធម៌នេះ លោក យូ ប៊ុនឡេង មិនអាចសុំការបំភ្លឺបាននៅ ឡើយទេ។ ចំណែកលោក ទូច ថារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យចេញពីតំណែងនៅសាលាឧទ្ធរណ៍ នៅល្ងាចថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២០នេះ Daily Khmer មិនអាចសុំអត្ថាធិប្បាយនឹងសំណួររបស់អ្នកកាសែត៕